ខេត្តបាត់ដំបង ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុច ស្រុកមោងឬស្សី
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី១២ ភូមិចកតូច ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក វរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+) និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់។ វត្ថុតាងចាប់យក - ថ្នាំញៀនម៉ាទឹកកក(ICE)ចំនួន ១ថង់ ទម្ងន់០,៨៩ក្រាម(ថ្នាំសុទ្ធ) , ទូរស័ព្ទដៃចំនួន ១គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង , ថង់សម្រាប់រំលែកច្រកថ្នាំញៀនមួយចំនួន , អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ១, ដែកកេះចំនួន ១។ បច្ចុប្បន្នជនសង្ស័យខាងលេី និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

