ខេត្តកណ្តាល​ ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុច ស្រុកអង្គស្នួល

(ខេត្តកណ្តាល)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ជួញដូរ​ រក្សាទុក ប្រេីប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងខ្ទឹម​ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល​ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី គង់ ស៉ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក​ មាន​ សំណាង អធិការនគរបាលស្រុក បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជនសង្ស័យចំនួ​ន​ ២នាក់។ វត្ថុតាងចាប់យក ម្សៅក្រាមសថ្លា​សង្ស័យ​សារធាតុញៀន(ម៉ាទឹកកក)​ ៤កញ្ចប់ (មធ្យម១​ ,តូច៣)​ ទម្ងន់៥,២០ក្រាម​ ទូរស័ព្ទ​ដៃ០៣គ្រឿង​ (oppo ២គ្រឿង​ ពណ៌​ខ្មៅ១​ ពណ៌​ខៀវចាស់១​ និងiphone7 ពណ៌​ទឹកប្រាក់) ឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕