ខេត្តបន្ទាយមានជ័យ​ ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ស្ថិតនៅចំណុច ក្រុងសិរីសោភ័ណ្ឌ

(ខេត្តបន្ទាយមានជ័យ​​)៖ នៅថ្ងៃទី២០ ខែឧសភា​​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ​ និង​ជួញដូរ​​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​៤ សង្កាត់​ព្រះពន្លា​ ក្រុង​សិរីសោភ័ណ​​ ខេត្តបន្ទាយមានជ័យ​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​ អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​សិរីសោភ័ណ​​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ចែកចាយ​ និង​ជួញដូរ​ដោយខុសច្បាប់នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បានធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ លទ្ធផល​វិជ្ជមាន​(+)​និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៦នាក់​។វត្ថុ​តាង​ចាប់​យក​ -​ ម្សៅ​ក្រាម​ សថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ៣កូន​ថង់​ ,​ ទូរស័ព្ទ​ដៃ​ចំនួន​ ១គ្រឿង​ ,​ ដែក​កេះ​ចំនួន​ ២ដេីម​ ,​ បំពង់​ទែម៉ូម៉ែត្រ​ចំនួន​ ១ដេីម​ ,​ ដបទឹកសុទ្ធ​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ២ដប​ ,​ ថង់​ច្រក​ថ្នាំ​ញៀន​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ បច្ចុប្បន្នជនសង្ស័យខាងលេី​ និង​វត្ថុ​តាង​​ត្រូវ​បាន​កសាងសំណុំ​រឿង​បញ្ជូន​​ ចាត់ការតាមនីតិវិធីច្បាប់៕