ខេត្តបាត់ដំបង ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុច ស្រុកកំរៀង
ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីគ្រឿងញៀន(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្រះកំប៉ោក ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក វរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+) និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់។ វត្ថុតាងចាប់យក - ដបកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន ១ , ដែកកេះចំនួន ១ , កាំបិតចំនួន ១។ បច្ចុប្បន្នជនសង្ស័យខាងលេី និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

