នគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ស្ថិតនៅចំណុចស្រុក​ម៉ាឡៃ​​ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តបន្ទាយមានជ័យ​​)៖ នៅថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​ចាន់​គីរី​ ឃុំ​អូរ​ស្រឡៅ​​ ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​ បាន​បញ្ជា​កម្លាំង​ជំនាញ​នៃអធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ម៉ាឡៃ​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​ (+)​ ចំនួន​ ​២នាក់​ ប្រុស​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៣នាក់​ (ស្រី​ ១នាក់​)។ វត្ថុ​តាង​ចាប់​យក​ -​ ថង់​ប្លាស្ទិក​តូច​មួយ​ចំនួន​ ។ បច្ចុប្បន្នជនសង្ស័យខាងលើ​ ត្រូវ​បាន​កសាងសំណុំ​រឿង​បញ្ជូន​​ ចាត់ការតាមនីតិវិធីច្បាប់៕