នគរបាលខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុចស្រុកកៀនស្វាយ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តកណ្តាល)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក​ ព្រុំ​ សំណាង​ អធិការនគរបាលស្រុក បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់។វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១៥កញ្ចប់(តូច១២ មធ្យម២ ធំ១)​ សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន​ ទូរសព្ទ័១គ្រឿងម៉ាកoppo។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕