នគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ស្ថិតនៅចំណុចស្រុកសំរោងទង បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug
(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃឈើទាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងអនុគណៈកម្មការបានទំនាក់ទំនងជាមួយក្រុមការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំពីលោកស្នងការរងនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកសំរោងទង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងអំពិល បានចុះទៅដល់ទីតាំង និងបង្ក្រាបករណីនេះ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។វត្ថុតាងដកហូតបានរួមមាន៖ • ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ២កញ្ចប់ • ម៉ូតូ ចំនួន ១គ្រឿង • ទូរស័ព្ទដៃ ចំនួន ៤គ្រឿងបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

