នគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់​ ស្ថិតនៅចំណុចស្រុកទឹកផុស​ បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug

(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង ទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណីចែកចាយ និងជួញដូរសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កម្លាំងបានធ្វើការទំនាក់ទំនងជាមួយគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ។ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងជំនាញប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្លុងពពក ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះទៅកាន់ទីតាំងប្រតិបត្តិការ បង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។វត្ថុតាងដកហូតបានរួមមាន៖ • ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៣កញ្ចប់• ទូរស័ព្ទដៃ ចំនួន ១គ្រឿង• សម្ភារៈវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។