នគរបាលខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុចក្រុងបាត់ដំបង បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី៣២ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក វរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+) និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់។ វត្ថុតាងចាប់យក - ថ្នាំញៀនម៉ាទឹកកក(ICE)ចំនួន ១ថង់ ទម្ងន់០,១៧ក្រាម(ថ្នាំសុទ្ធ) , ទូរស័ព្ទដៃចំនួន ២គ្រឿង , កាំបិតវែងចំនួន ៣ដើម , បណ្ណសារព័ត៌មានចំនួន ១ , លោហះធាតុពណ៌លឿនចំនួន ១គ្រឿង , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១សន្លឹក , សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន , ម៉ូតូចំនួន ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

