នគរបាលខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចដើមមៀន ក្រុងតាខ្មៅ បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug
(ខេត្តកណ្តាល)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីជួញដូរ និងប្រេីប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គង់ ស៉ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ វត្ថុតាងចាប់យក ថ្នាំញៀន(ម៉ាទឹកកក)ចំនួន១៩កញ្ចប់(ដប់ប្រាំបួនកញ្ចប់) ទម្ងន់សរុប៣,១៩ក្រាម ទូរស័ព្ទដៃចំនួន០២គ្រឿង SAMSUNG ពណ៌ស្វាយចំនួន០១គ្រឿង និងម៉ាក OPPO ពណ៌ខ្មៅចំនួន០១គ្រឿង ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០១ ដែកកេះចំនួន០១ កញ្ចប់បារីម៉ាក MEVIUS ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

