នគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចស្រុកសំរោងទង បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug
(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃជ្រាវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការឱ្យសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំពីលោកស្នងការរងនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះដល់ទីតាំង និងបង្ក្រាបករណីនេះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ដកហូតវត្ថុតាងរួមមាន៖ • ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៥កញ្ចប់• ទូរស័ព្ទដៃ ចំនួន ២គ្រឿងបច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ជាបន្ត៕

