សកម្មភាពបន្តចុះត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ នៅក្រុមហ៊ុន P.W.R. MANUFACTURING COMPANY LTD. របស់អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.

អនុវត្តតាមផែនការសកម្មភាព និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ នាថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារជំនាញនៃនាយកដ្ឋានត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង បានសហការជាមួយមន្ត្រីជំនាញនៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះបំពេញបេសកកម្មត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ នៅក្រុមហ៊ុន P.W.R. MANUFACTURING COMPANY LTD.ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្នុងកិច្ចប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ក្រុមការងារចម្រុះបានផ្ដោតលើការពិនិត្យយ៉ាងហ្មត់ចត់ និងម៉ឺងម៉ាត់ ទៅលើគោលបំណងយុទ្ធសាស្ត្ររួមមាន៖- ទី១. ផ្ទៀងផ្ទាត់ទិន្នន័យជាក់ស្តែងនៃបរិមាណសារធាតុគីមីដែលកំពុងប្រើប្រាស់ ធៀបនឹងអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតផ្លូវការដែលចេញដោយរាជរដ្ឋាភិបាល។- ទី២.តាមដាន និងទប់ស្កាត់រាល់សកម្មភាពចរាចរណ៍ ទិញ-លក់ ឬការយកទៅប្រើប្រាស់ខុសមុខសញ្ញា ផ្ទុយពីគោលការណ៍បច្ចេកទេស។- ទី៣. បង្កើនយន្តការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីលុបបំបាត់ និងបង្ការដាច់ខាតនូវហានិភ័យនៃការលួចបង្វែរសារធាតុគីមីផ្សំ យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។- ទី៤.បន្តផ្សព្វផ្សាយ ណែនាំ និងជំរុញការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ (SOP) ស្តីពីការគ្រប់គ្រងសារធាតុញៀន និងសារធាតុគីមីផ្សំ ព្រមទាំងរំលឹកដាស់តឿនដល់គ្រប់រោងចក្រ សហគ្រាស ឱ្យលើកកម្ពស់ស្មារតីទទួលខុសត្រូវ ស្របតាមកាតព្វកិច្ចដែលបានកំណត់ជាធរមាន។