ពិធីប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO)
ភ្នំពេញ៖ ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចលេខ០០១សសរ.អ.ជ.ប.គ.ញ. ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ការិយាល័យទំនាក់ទំនងព្រំដែន(BLO) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រព្រឹត្តតាមប្រព័ន្ធអនឡាញ(Zoom)នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានការអញ្ជើញចូលរួមប្រជុំផ្ទាល់ពីតំណាងស្ថាប័នពាក់ព័ន្ធដូចជា អគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ.,តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងការិយាល័យទំនាក់ទំនងព្រំដែន(BLO) នៃបណ្តាខេត្តជាប់ព្រំដែន(តាមប្រព័ន្ធអនឡាញ Zoom)ដែលមានសមាសភាពចូលរួមចំនួន៨០នាក់។គោលបំណងនៃកិច្ចប្រជុំមានសារសំខាន់ៗដូចខាងក្រោម៖១. ផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីសម្រេចស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ការិយាល័យទំនាក់ទំនងព្រំដែន(BLO)២. ជម្រុញគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តពាក់ព័ន្ធចូលរួមអនុវត្តយន្តការការិយាល័យទំនាក់ទំនងព្រំដែន(BLO)ជាមួយប្រទេសជិតខាង៣. ពង្រឹងប្រសិទ្ធភាពការត្រួតតាមព្រំដែនដើម្បីទប់ស្កាត់គ្រឿងញៀន សារធាតុគីមីផ្សំខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែនតាមរយៈយន្តការការិយាល័យទំនាក់ទំនងព្រំដែន(BLO)។ការិយាល័យទំនាក់ទំនងព្រំដែន (BLO) មានតួនាទីសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលរវាងសមត្ថកិច្ចពាក់ព័ន្ធនៅតាមតំបន់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព។ពិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការពង្រឹងយន្តការការងារនៅតាមព្រំដែន និងជំរុញការអនុវត្តភារកិច្ចរបស់ការិយាល័យ BLO ឱ្យស្របតាមសេចក្តីសម្រេចដែលបានកំណត់។



















