អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចុះត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំនៅក្រុមហ៊ុន HENG FENG FA (CAMBODIA) INVESTMENT ដើម្បីបង្ការការលួចបង្វែរទៅផលិតគ្រឿងញៀន

ភ្នំពេញ៖ នាថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) បានបន្តដឹកនាំក្រុមការងារនៃនាយកដ្ឋានត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ សហការជាមួយមន្ត្រីជំនាញនៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំរបស់ក្រុមហ៊ុន HENG FENG FA (CAMBODIA) INVESTMENT CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិស្វាយចេក សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សកម្មភាពចុះត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖• ផ្ទៀងផ្ទាត់ភាពស្របច្បាប់៖ ពិនិត្យ និងផ្ទៀងផ្ទាត់បរិមាណប្រើប្រាស់សារធាតុគីមីជាក់ស្តែង ឱ្យស្របតាមអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតជាផ្លូវការ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនក្រុមហ៊ុន។• ទប់ស្កាត់ការប្រើប្រាស់ខុសគោលដៅ៖ បង្ការ និងទប់ស្កាត់រាល់សកម្មភាពទិញ-លក់ ឬការយកទៅប្រើប្រាស់ខុសមុខសញ្ញា ដែលផ្ទុយពីគោលការណ៍ស្នើសុំរបស់ក្រុមហ៊ុន។• លុបបំបាត់ការបង្វែរគីមីផ្សំ៖ ពង្រឹងប្រសិទ្ធភាពគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ដាច់ខាតមិនឱ្យមានការលួចបង្វែរសារធាតុគីមីផ្សំ យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។• ពង្រឹងការអនុវត្ត (SOP)៖ ផ្សព្វផ្សាយ និងជំរុញការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការគ្រប់គ្រងសារធាតុញៀន និងសារធាតុគីមីផ្សំ (SOP) ជាពិសេសការដាស់តឿនពីតួនាទី កាតព្វកិច្ច និងការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលមានចែងក្នុងនិយាមនីតិវិធីនេះ។