ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

ខេត្តតៃនិញ៖ នាថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង និងជាប្រធានប្រតិភូកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ «វគ្គបណ្ដុះបណ្ដាលស្ដីពីការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន» នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងឱកាសនៃវគ្គបណ្តុះបណ្តាល គណៈប្រតិភូ និងសិក្ខាកាមទាំងអស់ បានចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនលេខ២ប្រចាំខេត្តតៃនិញ ព្រមទាំងបានទទួលវិញ្ញាបនបត្រ បញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យតាមការគ្រោងទុក។ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបក្សនិងរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ពិសេសក្រសួងនគរបាលនាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀន គ្រូឧទ្ទេស និងមន្ត្រីជំនាញ ដែលបានខិតខំចែករំលែកចំណេះដឹង ជាមេរៀន បទពិសោធន៍ និងការអនុវត្តជាក់ស្ដែងជូនដល់សិក្ខាកាម។ តាមរយះចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃទាំងនេះ ពិតជាមានសារសំខាន់សម្រាប់សិក្ខាកាមកម្ពុជា យកទៅអនុវត្ត និងពង្រឹងប្រសិទ្ធភាពការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែទទួលបានលទ្ធផលល្អ។