នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug
(ខេត្តសៀមរាប)៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ប្រេីប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ទោ ចាប ណារិន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរេីន អធិការដ្ឋាននគរបាលក្រុង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានកម្លាំងជំនាញបញ្ចូនទៅកាន់មជ្ឈមណ្ឌលស្តានិតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត សៀមរាប៕


