បញ្ចប់ការសិក្សា និងប្រឡងតេស្តសមត្ថភាពដោយជោគជ័យ វគ្គបណ្ដុះបណ្ដាលស្ដីពី "វិធីសាស្ត្រវិភាគគ្រឿងញៀនតាមលំដាប់លំដោយនៃក្បួនបច្ចេកទេសកោសល្យវិច័យ"

ខេត្តជឺជាំង ប្រទេសចិន៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោយបញ្ចប់ការសិក្សា និងប្រឡងតេស្តសមត្ថភាពដោយជោគជ័យ វគ្គបណ្ដុះបណ្ដាលស្ដីពី "វិធីសាស្ត្រវិភាគគ្រឿងញៀនតាមលំដាប់លំដោយនៃក្បួនបច្ចេកទេសកោសល្យវិច័យ" ត្រូវបានបិទ និងមានការប្រគល់វិញ្ញាបនបត្រជូនមន្ត្រីជំនាញជ័យលាភីទាំង ២រូប រួមមាន៖ លោកវរសេនីយ៍ទោ យឹម វណ្ណៈ អនុប្រធានមន្ទីរពិសោធន៍គ្រឿងញៀន និងលោកអនុសេនីយ៍ទោ ហេង លីកា មន្ត្រីនៃមន្ទីរពិសោធន៍គ្រឿងញៀន។កម្មវិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ZHANG HONGJIAN ប្រធានមន្ទីរពិសោធន៍ជាតិប្រឆាំងគ្រឿងញៀន នៃមជ្ឈមណ្ឌលប្រចាំតំបន់ជឺជាំង ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងមន្ត្រីជំនាញនៃមន្ទីរពិសោធន៍ជាតិប្រឆាំងគ្រឿងញៀនផងដែរ។វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតសំខាន់លើវិធីសាស្ត្រវិភាគរកគុណភាព និងបរិមាណភាពសុទ្ធ (Qualitative and Quantitative Analysis) នៃសារធាតុញៀន សារធាតុគីមីផ្សំ សារធាតុមិនស្គាល់អត្តសញ្ញាណ និងសំណាកជីវសាស្ត្រ (Biological Samples) រួមមាន សក់ និងទឹកមូត្រ។ជាកិច្ចចុងក្រោយ លោកបណ្ឌិតប្រធានមន្ទីរពិសោធន៍ បានសម្ដែងនូវការកោតសរសើរដល់មន្ត្រីជំនាញទាំង ២រូប ដែលបានខិតខំសិក្សារហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ លោកជឿជាក់យ៉ាងមុតមាំថា មន្ត្រីជំនាញទាំង ២ នឹងនាំយកចំណេះដឹងទាំងអស់នេះ ទៅបំពេញភារកិច្ច និងអភិវឌ្ឍស្ថាប័ន អង្គភាព ព្រមទាំងប្រទេសជាតិរបស់ខ្លួនបានយ៉ាងល្អ។ លោកបានសង្កត់ធ្ងន់បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ចិន លើផ្នែកកោសល្យវិច័យគ្រឿងញៀន ក្នុងនាមជាបងប្អូនល្អ គ្រួសារតែមួយ និងដើម្បីបន្តកិច្ចសហប្រតិបត្តិការចែករំលែកបទពិសោធន៍ ព្រមទាំងវិធីសាស្ត្រកោសល្យវិច័យជាបន្តបន្ទាប់ទៀតនៅថ្ងៃអនាគត។