សារធាតុគីមីផ្សំ និងសារធាតុញៀន សរុបប្រមាណជាង ២តោន ៣២៣គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងពិធីប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ : ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញចូលរួមជាគណៈអធិបតីរួមជាមួយ ឯកឧត្តម សួស សិរីសួស្តី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ “ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” ក្នុងកម្មវិធីនេះមានការដុតបំផ្លាញសារធាតុគីមីផ្សំនិងសារធាតុញៀន ប្រមាណជាង ២តោន ៣២៣គីឡូក្រាម។ការប្រារព្ធពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត សាលាឧទ្ធរណ៍ សាលាដំបូង អយ្យការសាលាដំបូង មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ កម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនសហគ្រាសឯកជន យុវជន យុវនារី និងសិស្សានុសិស្សខេត្តព្រះសីហនុ ប្រមាណ១០០០នាក់៕























