ក្រោយពលរដ្ឋរាយការណ៍តាមកម្មវិធី App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ១នាក់ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីគ្រឿងញៀន
(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង ទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានធ្វើការទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ។ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចាត់កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារឆ្នាំង ហើយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះដល់ទីតាំងប្រតិបត្តិការ បង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់។ដកហូតវត្ថុតាង៖ គ្មាន។លទ្ធផលធ្វើតេស្តទឹកនោម៖ វិជ្ជមាន (+) សារធាតុញៀន។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។

