ការគ្រប់គ្រងត្រួតពិនិត្យទៅលើគោលដៅប្រើប្រាស់សារធាតុគីមីផ្សំនៅក្នុងប្រទេសកម្ពុជា ត្រូវបានពង្រឹង និងលើកកម្ពស់ សំដៅបង្ការទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។ ពិធីនេះមានការអញ្ជើញចូលរួមដោយមន្រ្តីតំណាងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ មន្រ្តីអនុវត្តច្បាប់ និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានតម្រូវការស្នើសុំនាំចូលចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំ សរុបចំនួន ១៨០រូប។ ក្នុងឱកាសនោះ ឯកឧត្តម ព្រុំ សុខា ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្នុងនាមប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ បានធ្វើការណែនាំដល់ក្រសួងស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ ពិសេសតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលា ដូចខាងក្រោម៖១- ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំបន្តដល់គ្រប់សមាសភាពពាក់ព័ន្ធដែលស្ថិតក្រោមឱវាទរបស់ខ្លួន ដើម្បីចូលរួមសហការការងារស្របតាមតួនាទីភារកិច្ចដែលបានកំណត់ក្នុង SOP ស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគមីផ្សំ។២- ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវត្រួតពិនិត្យជាប្រចាំលើគោលដៅក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានស្នើសុំនាំចូលចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។៣. ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវសហការ សម្របសម្រួល និងចូលរួមអនុវត្តយន្តការត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំរបស់ក្រុមការងារអន្តរក្រសួង ឱ្យមានប្រសិទ្ធភាព។៤- ក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវសហការផ្លាស់ប្តូរព័ត៌មាន និងរាយការណ៍ជាប្រចាំមកក្រសួងស្ថាប័នជំនាញ និងអង្គភាពអនុវត្តច្បាប់ពាក់ព័ន្ធ អំពីការនាំចេញនាំចូល ការដឹកជញ្ជូន ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំរបស់ខ្លួន។៥- ក្រុមហ៊ុន រោងចក្រ សហគ្រាស មិនត្រូវប្រើប្រាស់ខុសពីមុខសញ្ញាកំណត់ក្នុងអាជ្ញាបណ្ណ ដែលបានស្នើសុំ។៦. ក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវរាយការណ៍ជូនមន្រ្តីអនុវត្តច្បាប់លើមុខសញ្ញាក្រុមហ៊ុន រោងចក្រ ឬបុគ្គល មិនមានអត្តសញ្ញាណច្បាស់លាស់ដែលមកបញ្ជាទិញ និងមិនត្រូវលក់សារធាតុគីមីផ្សំរបស់ខ្លួនទៅឱ្យមុខសញ្ញាទាំងនោះឡើយ។















