ឧត្តមសេនីយ៍​ឯក​ ថោង​ សុគន្ធា​ :​ ការចរាចរសារធាតុគីមីផ្សំខុសច្បាប់ពីបណ្តាប្រទេសក្នុងតំបន់ទៅកាន់ទីតាំងផលិតគ្រឿងញៀននៅតំបន់ត្រីកោណមាសបន្តកេីតមានគួរឲ្យព្រួយបារម្ភ

516

ខេត្តព្រះសីហនុ៖​ ថ្ងៃទី​២៥-២៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង​ ត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបការបង្វែរសារធាតុគីមីផ្សំយកទៅលួចលាក់សំយោគកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ បានបេីកក្រោម​អធិបតី​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការស្តីទី នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឈិន សេងងួន អភិបាលរង តំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ដោយមានសមាសភាពចូលរួមពីមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធមកពីខេត្តនាទិសនិរតីចំនួន៥មាន: ខេត្តព្រះសីហនុ កោះកុង កំពត កែប និងតាកែវ ដែលក្នុងនោះរួមមានមន្ត្រីនគរបាល មន្រ្តីកងរាជអាវុធហត្ថ មន្រ្តីគយ ប្រចាំការនៅតាមបណ្តាកំពង់ផែ ច្រកព្រំដែនគោក និងវរការពារព្រំដែនទឹក។

ឧត្តមសេនីយ៍​ត្រី​ អ៊ុយ​ រ៉ាត់​ ប្រធាននាយកដ្ឋានស្រាវជ្រាវ​ និងត្រួតពិនិត្យ​របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា​ វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណងពង្រឹង ជម្រុញយន្តការសហប្រតិបត្តិការ​ លើកកម្ពស់ការបំពេញតួនាទីភារកិច្ចមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធជួរមុខគ្រប់គ្រងត្រួតពិនិត្យការចរាចរសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន និងទប់ស្កាត់ បង្ក្រាបការបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់យកទៅលួចលាក់សំយោគកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។

ក្នុងឱកាសនោះ​ ឯកឧត្តម ឧត្តមសេនីយ៍​ឯក ថោង សុគន្ធា អគ្គលេខាធិការ​ស្តីទី បានលើកឡើងថា និន្នាការនៃការចរាចរគ្រឿងញៀនសំយោគពីតំបន់ត្រីកោណមាសត្រូវបានពួកឧក្រិដ្ឋជនលួចលាក់ចរាចរជួញដូរខុសច្បាប់ទៅកាន់ប្រទេសក្នុងតំបន់ និងសកលលោក​ ទន្ទឹមនឹងនេះ​ការចរាចរសារធាតុគីមីផ្សំខុសច្បាប់ទៅកាន់ទីតាំងផលិតគ្រឿងញៀននៅតំបន់ត្រីកោណមាសបន្តកេីតមានគួរឲ្យព្រួយបារម្ភផងដែរ។

ក្នុងឱកាសនេះដែរ ថ្លែង​ក្នុងនាម​ឯក​ឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ អ.ជ.ប.គ.ញ. ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ថោង​ សុគន្ធា​ បានថ្លែងនូវការកោតសសេីរ​ និងសំណូមពរដល់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធប្រចាំការតាមច្រកព្រំដែនគោក-ទឹក កំពុងផែសមុទ្រទាំងអស់បន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបការបង្វែរសារធាតុគីមីផ្សំយកទៅកែឆ្នៃគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា និងទៅកាន់តំបន់ត្រីកោណមាស​ និងបានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធធ្វើការអប់រំផ្សព្វផ្សាយដល់ក្រុមហ៊ុនធ្វើអាជីវកម្មគីមីទាំងអស់ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យគ្រប់គ្រងត្រួតពិនិត្យទាំងការប្រើប្រាស់ និងរក្សាទុកឲ្យបានត្រឹមត្រូវ និងរាយការណ៍មកសមត្ថកិចពាក់ព័ន្ធជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ឲ្យបានពីការបង្វែរយកទៅផលិតគ្រឿងញៀនពីសំណាក់ពួកឧក្រិដ្ឋកម្មគ្រឿងញៀន។

ក្នុងឱកាសនេះផងដែរ ថ្លែងក្នុងនាមគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ​ ឯកឧត្តម ឈិន សេងងួន អភិបាលរង បានលើកឡើងពីស្ថានភាពគ្រឿងញៀននៅក្នងខេត្តព្រះសីហនុ ថាដោយសារការអភិវឌ្ឍន៍មានល្បឿនលឿន ភ្ញៀវទេសចរណ៍មានការកេីនឡើង ធ្វើឲ្យរដ្ឋបាលខេត្តមានបញ្ហាប្រឈមជាច្រើន ក្នុងនោះមានបញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ ដែលទាមទារឲ្យមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធយកចិត្តទុកដាក់ និងពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យ ទប់ស្កាត់​ ទាំងគ្រឿងញៀនខុសច្បាប់ និងការបង្វែរសារធាតុគីមីផ្សំយកទៅផលិតគ្រឿងញៀន។