អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តច្បាប់គ្រឿងញៀន តាមមេរៀនក្នុងប្រព័ន្ធកុំព្យូទ័រE-learning ដល់មន្ត្រីនគរបាលនិងមន្រ្តីកងរាជអាវុធហត្ថចំនួន២០នាក់ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

397

កំពង់ឆ្នាំង៖ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តច្បាប់គ្រឿងញៀន តាមមេរៀនក្នុងប្រព័ន្ធកុំព្យូទ័រE-learning ដល់មន្ត្រីនគរបាលនិងមន្រ្តីកងរាជអាវុធហត្ថចំនួន២០នាក់ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីថ្ងៃទី ២៩ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហាឆ្នាំ២០១៩ ក្នុងគោលបំណងផ្តល់បន្ថែមនូវចំណេះដឹង និងចែករំលែកនូវបទពិសោធន៍នានាពាក់ព័ន្ធ នឹងល្បិចកល វិធីសាស្រ្តក្នុងការជួញដូរគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជន ព្រមទាំងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើសគ្រឿងញៀន សំដៅឈានទៅធ្វើការបង្រ្កាបទាន់ពេលវេលា និងចំគោលដៅក្រុមឧក្រិដ្ឋជនដែលតែងតែប៉ុនប៉ង លួចលាក់ធ្វើការ ផលិត ដាំដុះ រក្សាទុក ជួញដូរ ចែកចាយ ប្រើប្រាស់ និងចររាចរគ្រឿងញៀនខុសច្បាប់ ឆ្លងកាត់និងចូលមកក្នុងភូមិសាស្រ្តប្រទេសកម្ពុជាយើង ។
អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម អម សុភា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ប៉ា សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង បញ្ជាការរងកងរាជអាវុធហត្ថខេត្ត អស់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ ដែលជាសមាជិកលេខាធិការ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត លោកប្រធាន អនុប្រធានការិយាល័យ លោកអធិការ អធិការរងចំណុះស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអស់លោក ជាសិក្ខាកាមទាំងអស់ក្នុងវគ្គបណ្តុះបណ្តាល ដែលមានចំនួនសរុបចំនួន៨៨នាក់ ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបក្នុងវគ្គបណ្តុះបណ្តាល របស់លោកឧត្តមសេនីយ៍ត្រីប៉ា សោភ័ណ្ឌ ជូនអង្គពីធីរួចមក ឯកឧត្តម អម សុភា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានមានមតិសំណេះសំណាលដល់អង្គពិធីទាំងមូល ដោយបានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ត្រូវចែករំលែកនូវចំណេះដឹងដែលទទួលបាននេះ ដល់មិត្តភ័ក្ររួមការងារដើម្បីអោយពួកគាត់ទទួលបាននូវចំណេះដឹងទាំងនេះដែរ ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសនាម និងជាពិសេសដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានផ្តល់វគ្គបណ្តុះបណ្តាលនេះដល់មន្ត្រីអនុវត្តច្បាប់គ្រឿងញៀន ក្នុងខេត្ត កំពង់ឆ្នាំងនាពេលនេះ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរង ខេត្ត ក៏បានផ្តាំផ្ញើរដល់អង្គពីធីទាំងមូលត្រូវយកចិត្តទុកដាក់ បន្តរអនុវត្តនូវយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល អោយមានប្រសិទ្ធិភាពខ្ពស់ ទទួលបានជោគជ័យ ។ បន្តរអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ សំដៅលប់បំបាត់គ្រឿងញៀននៅក្នុងមូលដ្ឋាន និងសហគមន៍រស់នៅ ។ 
បន្ទាប់ពីមានមតិសំណេះសំណាលរួចមក ឯកឧត្តម អម សុភា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានផ្តល់កិត្តិយសចែកជូន នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដល់ សិក្ខាកាមទាំងអស់ ដែលទទួលបានជោគជ័យក្នុងវគ្គបណ្តុះបណ្តាល ។