ព្រះវិហារ : ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍ ត្រូវបាន រៀបចំឡេីងនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួង អប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ចេង លឹម ហ័ង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត និងលោក លោកស្រី តំណាថអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ យុវជនកាយារិទ្ធ កាកបាទក្រហម ក្រុមប្រឹក្សាយុវជន សរុបចំនួនជាង២៣០នាក់។
លោក ចេង លឹម ហ័ង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ បានមានប្រសាសន៍អរគុណ ដល់ថ្នាក់ជាតិដែលបានបង្កេីតឲ្យមានកម្មវិធីផ្សព្វផ្សាយនេះឡេីង ស្របពេលដែលខេត្តកំពុងតែខិតខំផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាផ្សេងៗ ក្នុងនោះបញ្ហាគ្រោះថ្នាក់គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ជាបញ្ហាចម្បង។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រសាសន៍ថា ខេត្តព្រះវិហារ ជាខេត្តភាគឥសាន្តប្រទេសកម្ពុជាដែលមានភូមិសាស្រ្តស្មុគស្មាញ តាមបណ្តោយព្រំដែនហេីយឈ្មួញទុច្ចរឹតតែងតែប្រេីគ្រប់មធ្យោបាយលាក់លួចយកគ្រឿងញៀនឆ្លងកាត់ព្រំដែនហេីយឆ្ពោះទៅកាន់ប្រទេសទី៣ ហេីយតាមរយះនេះឯកឧត្តម ឧប នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចង្អុលបង្ហាញឲ្យរៀបចំជាគោលនយោបាយភូមិ ឃុំសង្កា ត់ស គ្មានគ្រឿងញៀន ដេីម្បីធ្វេីជាជញ្ជាំងទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន ។
ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការលុបបំបាត់គ្រឿងញៀន និងចរាចរណ៍ គឺផ្តេីមចេញពីយេីងទាំងអស់ ជាបញ្ហារួមមិនមែនជាបញ្ហាផ្តាច់មុខរបស់អ្នកណាម្នាក់ក្រុមណាមួយឡេីយ ហេីយបញ្ហាគ្រឿងញៀន និងចរាចរណ៍ជាបញ្ហាគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
ក្នុងឱកាសនោះ ដែរ លោកជំទាវ បណ្ឌិត សឿ សុជាតា បានផ្តាំផ្ញេីដល់អ្នកចូលរួមទាំងអស់ឲ្យខិតខំស្តាប់យកចំណេះដឹងឈរលេីសម្បទា បី មាន វិជ្ជាសម្បទា ចរិយាសម្បទា និងបំណិនសម្បទា (បដិសេធ ចរចា រ គោរពគ្នាទៅវិញទៅមក លេីបញ្ហាគ្រឿងញៀន និងចរាចរណ៍) ហេីយចូលរួមឲ្យបានកាន់តែសកម្មផ្សព្វផ្សាយបន្តទៅមិត្តភក្តិក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់កុំឲ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ។