អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះអនុស្សារណយោគយល់ ជាមួយក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា

733

រាជធានីភ្នំពេញ​:ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩​ នៅធនាគារជាតិនៃកម្ពុជា​ មានចុះអនុស្សារណយោគយល់ស្តីពីការផ្លាស់ប្តូព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ក្រោមអធិបតីភាពឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួ​ន​ សុវណ្ណ​ អនុ​ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងឯកឧត្តម​ ស៊ុំ​ សន្និសិទ្ធ​ ទេសាភិបាលរងធនាគារជាតិ​ និងជាក្រុមប្រឹក្សាភិបាលអង្គភាពស៊េីបការណ៍ហិរញ្ញវត្ថុកម្ពុជា។

គោលបំណងសំខាន់នៃការចុះអនុស្សារណ:យោគយល់ស្តីពីការផ្លាស់ប្តូព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម​ នាពេលនេះ​ គឺដេីម្បីពង្រឹង​ ពង្រីកកិច្ចសហការឲ្យកាន់តែជិតស្និតបន្ថែមទៀត​ រួមគ្នាស្វែងរកទប់ស្កាត់​និងលុបបំបាត់សកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មព្រមទាំងចូលរួមពង្រឹងប្រពន្ធ័ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។

អនុស្សារណយោគយល់នេះចុះហត្ថលេខាដោយឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងឯកឧត្តម​ ង៉ែត​ សុវណ្ណរិទ្ធ​ អគ្គលេខាធិការ​រងនៃអង្គភាពស៊េីបការណ៍ហិរញ្ញវត្ថុកម្ពុជា​។

សូមបញ្ជាក់ថា​ គិតត្រឹមខែមីនា​ ឆ្នាំ២០១៩នេះ​ អង្គភាពស៊េីបការណ៍ហិរញ្ញវត្ថុកម្ពុជា​ បានចុះអនុស្សារណ:យោគយល់ជាមួយស្ថាប័នក្នុងស្រុកបានចំនួន១៤​ និងអន្តរជាតិបានចំនួន២២។