កិច្ចសហការរវាងក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

231

កែប -កំពត : ថ្ងៃទី ១២-១៣ ខែសីហា ឆ្នាំ២០១៩ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីជំងឺអេដស៍ មេរោគអេដស៍ និងឥទ្ធិពលគ្រឿងញៀន នៅមន្ទីរបរិស្ថានខេត្តក្រោមអធិបតីភាពឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជេីញចូលរួម ឯកឧត្តមវេជ្ជបណ្ឌិត សុឹមគឹមសាន ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ លោក វរសេនីយ៍ទោ យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកប្រធានមន្ន្ទីរបរិស្ថានខេត្តទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងមកពីមន្ទីរបរិស្ថាន ឧទ្យានុរក្ស សរុបចំនួនជាង១០០នាក់។
ក្នុងឱកាសថ្លែងបេីកពិធីផ្សព្វផ្សាយនាពេលនោះ ក្នុងនាម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ បានប្រាប់ឲ្យមន្រ្តីឧទ្យានុរក្សទាំងអស់ដែលជានគរបាលយុត្តិធម៌ជាមួយនឹងការថែទាំអភិរក្សធនធានធម្មជាតិត្រូវតែចូលរួមឲ្យបានកាន់តែសកម្មថែមទៀតជួយផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍ ។ 
ក្នុងឱកាសនោះ ដែរ វរសេនីយ៍ទោ យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា បានមានប្រសាសន៍ដោយសារបញ្ហាគ្រឿងញៀននៅលេីសកលលោកមិនមានសញ្ញាថមថយបានធ្វេីឲ្យកម្ពុជានៅតែបន្តទទួលរងនូវផលប៉ះពាល់ពីការចរាចរឆ្លងកាត់គ្រឿងញៀនចេញពីបណ្តាប្រទេសជិតខាងឆ្លងកាត់ទៅប្រទេសទី៣ ហេីយការចូលរួមរបស់ឧទ្យានុរក្សការពារបរិស្ថានលេីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនគឺសំខាន់ចាំបាច់ណាស់ដេីម្បីសុវត្ថិភាពសហគមន៍មូលដ្ឋាន។ 
ជាមួយគ្នានោះ ឯកឧត្តម វេជ្ជបណ្ឌិត ស៊ឹម គឹមសាន តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា ដោយសារប្រជាពលរដ្ឋនៅខេត្តទាំងពីរកំពត -កែប មានការយល់ដឹង ចូលរួមបង្ការការពារបានធ្វេីឲ្យការរីករាលដាលបញ្ហាមេរោគអេដស៍ និងជំងឺអេដស៍មានការថយចុះ បេីយោងតាមរបាយការណ៍អង្កេតឆ្នាំ២០១៨ មានអត្រាអ្នកផ្ទុកមេរោគអេដស៍បានទទួលសេវាព្យាបាលខេត្តកំពត២២០០នាក់ និងខេត្តកែបមានចំនួន១៥១នាក់ ។