អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​៩​ខែ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨

574

បន្ទាយមានជ័យ ៖ ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម អ៊ុ រាត្រី​អភិបាលរង ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​នព្វ​មាស (៩​ខែ​)​លើក​ទិសដៅ​ឆ្នាំ​២០១៨ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដោយមាន​ការចូលរួម​ពី​តំណាង​គណកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត​កងកំលាំងប្រដាប់អាវុ​ធទាំង​បី​ប្រភេទ និង​ម្ចាស់​ទីតាំង​សេវា​កំសាន្ត​សប្បាយ ផ្ទះសំណាក់ សណ្ឋាគារ ក្លឹប​កំសាន្ត ខារ៉ាអូខេ​។​

​ឯកឧត្តម អ៊ុ រាត្រី អភិបាលរង ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍​ស្វាគមន៍​ដោយបាន​លើកឡើងថា បញ្ហា​គ្រឿងញៀន ជា​បញ្ហា​សកល និង​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បង្ក​មហន្តរាយ​យ៉ាង ធំធេង​ដល់​ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។ ដោយឡែក​ខេត្តបន្ទាយមានជ័យ មិនមែនជា​មូលដ្ឋាន​នៃ​ការផលិត​គ្រឿងញៀន​នោះទេ ប៉ុន្ដែ​បាន​នឹង​កំពុង​ទទួល​រង​ឥទ្ធិពល​នៃ​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​បង្ក​ឲ្យមាន​បញ្ហា​ស្មុគស្មាញ​ដល់​បញ្ហា​អសន្ដិសុខ សណ្ដាប់ធ្នាប់ និង​ការអភិវឌ្ឍន៍​សង្គម ជាមួយគ្នា​នេះ​ខេត្ត​បាន​អនុវត្ត​វិធានកា​រទាំង​៥ ដោយ​ធ្វើការ​អប់រំ​ផ្ទាល់​មាន​អ្នកចូលរួម​សរុប​ចំនួន​១០១.៥៩៣​នាក់ បង្ក្រាប​៣២៣​ករណី ឃាត់ខ្លួន​៩២១​នាក់ (​ជនជាតិ​បរទេស​២២​នាក់​) ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​

​ក្នុងនាម ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​សាទរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ដែល​បាន​តស៊ូ​បង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ពិសេស​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន និង​ការ​ជម្រុញ​អ្នក​ញៀន​គ្រឿងញៀន​ទៅ​ទទួល​ការព្យាបាល​នៅតាម​មណ្ឌល​សុខភាព មន្ទីរ​បង្អែក ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុងឱកាស​នោះដែរ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បាន​ថ្លែងបន្ត​ដោយ​សង្កត់ធ្ងន់ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​មិនមែនជា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ទេ ប៉ុន្តែ​ជា​យុទ្ធនាការ​ប្រមូលផ្តុំ​កំលាំង​សរុប មធ្យោបាយ​សរុប និង​ការចូលរួម​គ្រប់​សមាស​ភាព​ទាំងអស់​ក្នុង​សហគមន៍​ដោយ​ចាប់ផ្តើម​បុគ្គល​គ្រប់រូប ក្រុមគ្រួសារ និង​សហគមន៍ ដោះស្រាយ​បញ្ហា​គ្រឿងញៀន​។​

​បន្ថែម​លើ​លទ្ធផល ការងារ ៩​ខែ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានធ្វើការ​សំណូមពរ​ដល់​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត មាន​៖
១.​ជម្រុញ​សកម្មភាព​គណកម្មការ​សម្របសម្រួល​ការងារ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែក​លើ​សហគមន៍​គ្រប់​ឃុំ​សង្កាត់​ដើម្បី​បញ្ជូន​អ្នកញៀន​ទៅ​ទទួលយក​ការព្យាបាល​នៅតាម​មណ្ឌល​សុខភាព ពេទ្យ​បង្អែក ទាំង​៣០​កន្លែង ។​
២.​ខិតខំ​កសាង​ជន​បង្គោល សម្រាប់​ការងារ​ផ្សព្វផ្សាយ​ផ្តល់​ការយល់ដឹង​ទៅគ្រប់​គោលដៅ​ទាំងអស់​ពិសេស​គោលដៅ​ក្លឹប​កំសាន្ត​សប្បាយ ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់​ជួល សិស្ស​អវត្តមាន​ពី​ការសិក្សា​ច្រៀន ជន​មិន​មានមុខ​របរ​ច្បាស់លាស់ អ្នកបើកបរ និង​តំបន់​មិនទាន់​រៀបរយ ជាដើម ។​ល​។
៣.​បន្ត​ចាត់វិធានការ​ការអនុវត្ត​វិធានការ​រដ្ឋបាល​ឲ្យបាន​តឹងរឹ​ង​អនុវត្ត​ច្បាប់​កុំ​ឲ្យ​ជនល្មើស​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស​ជ្រក​ក្រោម​ស្លាក​សញ្ញា​អាជីវកម្ម​គ្រប់​ប្រភេទ​។​
៤.​សុំ​ឲ្យ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ “​បំពេញ​ការងារ​តាម​តួនាទី​ភារកិច្ច កុំ​ចាំតែ​បទបញ្ជា “​។​
៥.​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ការផ្តល់សេវា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន ភាព​ញៀន​គ្រឿងញៀន​ជា​ជំងឺ​ខួរក្បាល​អាច​ព្យាបាល​បាន​។​