បន្ទាយមានជ័យ, ថ្ងៃចន្ទ ៨កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣ថ្ងៃ ២៣-២៥ វិច្ឆិកា ២០២០ នេះ មានសិក្ខាកាមជាមន្ត្រីអនុវត្តច្បាប់ចូលរួមចំនួន៤០រូប មកពីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានក្រើនរំលឹក ដល់មន្ត្រីអនុវត្តច្បាប់ ពីគ្រប់អង្គភាព ស្ថាប័ន ទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចរបស់ឲ្យបានម៉ឺងម៉ាត់ ប្រកបដោយភាពវៃឆ្លាត និងឆន្ទៈមនសិកា វិជ្ជាជីវៈ ទទួលខុសត្រូវរបស់ខ្លួន ហើយត្រូវបន្តសិក្សាស្វែងយល់បន្ថែមជានិច្ចនូវចំណេះដឹង និងបទពិសោធន៍ ពិសេស កលល្បិចរបស់ឧក្រិដ្ឋជន និងវិធីសាស្ត្ររបស់សមត្ថកិច្ច ក្នុងការបង្ក្រាបផងដែរ ហើយត្រូវចាំថា បេសកកម្ម របស់យើងបានទទួលជោគជ័យ ត្រូវធានាឲ្យបាននូវសុវត្ថិភាពរបស់មន្ត្រីទាំងអស់ក្នុងបេសកកម្ម ត្រូវពង្រឹង កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដី ក្នុងទីតាំងភូមិសាស្រ្តដែលខ្លួនឈរជើង សំដៅបង្កើន ប្រសិទ្ធភាពការងារ និងឆន្ទៈរួម ត្រូវពង្រឹងយន្តការនិងប្រសិទ្ធភាពការងារ របស់ការិយាល័យទំនាក់ទំនងព្រំដែន BLO ពិសេសការទំនាក់ទំនងគ្នាជាមួយBLOដៃគូ របស់ប្រទេសជិតខាង តាមរយៈការប្រាស្រ័យ ទាក់ទង និងផ្លាស់ប្តូរព័ត៌មានជាប្រចាំ ឱ្យបានទាន់ពេលវេលានិងច្បាស់លាស់ ពីផ្លូវចរាចរនិងមុខសញ្ញាជន សង្ស័យ ។ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវពាំនាំយកនូវរាល់ចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដែលលោកគ្រូឧទ្ទេសនាមទាំងអស់ បានចែករំលែក និងផ្តល់ជូន ក្នុងវគ្គបណ្តុះបណ្តាល រយៈពេល ៣ថ្ងៃនេះ បន្តផ្សព្វផ្សាយជូនដល់សហការីរបស់ខ្លួន ក្នុងនាមមិត្តអប់រំមិត្ត ធ្វើយ៉ាងណាប្រែក្លាយ អង្គភាពរបស់យើង ឱ្យទៅជាអង្គភាពនាំមុខ និងទទួលខុសត្រូវ ប្រកបដោយទំនុកចិត្ត លើការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ៕