ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ទទួល​ជួប​ឯកឧត្តម ផាន់​យ៉ារ៉ាក់ ភូ​ល​ថា​ប់

694

​រាជធានី​ភ្នំពេញ :​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ទទួល​ជួប​ឯកឧត្តម ផាន់​យ៉ារ៉ាក់ ភូ​ល​ថា​ប់ ក្នុង​ឱកាស​ដែល​ឯកឧត្តម​ត្រូវបាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​អគ្គរាជទូត​វិសមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​នៅ​ព្រះរាជា​ណា​ក្រ​កម្ពុជា ។​

​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍កែ គឹមយ៉ាន បានុ​ស្វាគមន៍​និង​បានលើក​យកពី​ការគាំទ្រ​យ៉ាង​ពេញលេញ​ពី​ភាគី​ថៃ​ដល់​ការស្វែងរក​សន្តិភាពរ​បស់​កម្ពុជា​និង​ក្រោយ​កម្ពុជា​ទទួលបាន​នូវ​សន្តិភាព​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស តែ​កម្ពុជា​នៅតែ​មិនអាច​ខ្វះ​បាន​នូវ​កិច្ចសហការ​ពី​ភាគី​មិត្ត​ក្នុងនាម​ជា​ប្រទេសជិតខាង​ជា​បងប្អូន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ​ជា​យូរលង់​ណាស់​មកហើយ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍កែ គឹមយ៉ាន ក៏បាន​មាន​ជម្រាប​ជូន​ភ្ញៀវ​ផងដែរ​ពី​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​កម្ពុជា​-​ថៃ នាពេល​កន្លងមក​ដូចជា មាន​ជាអាទិ៍ :
១.​ភាគី​ថៃ​បាន​ជួុយ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ និង​ជួយ​កសាង​មជ្ឈមណ្ឌល​ព្យាបាល​លើ​ថវិកា​គាំទ្រ​ជាង​៥២​លាន​បាត ពី​ឆ្នាំ​២០១៤-២០១៨ (​នៅ​ឆ្នាំ​២០១៧ បាន​ជួយ​កសាង​មជ្ឈមណ្ឌល​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ លើ​ថវិកា​ជាង​៤០​លាន​បាត​)​។​
២.​ជួយ​ពង្រឹង​សមត្ថភាព​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង ផ្តល់​សម្ភារ​បច្ចេកទេស​ដល់​មន្ទីរពិសោធន៍​គ្រឿងញៀន​។​
៣.​ពង្រឹង​ដំណើរការ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន BLO​ក្នុង​គោលដៅ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​។​

​ជាមួយនឹង​លទ្ធផល​ខាងលើ ឯកឧត្តម នាយ​ឧត្តមសេនីយ៍កែ គឹមយ៉ាន ក៏បាន​ជម្រាបជូន​ភ្ញៀវ​ពី​សភាពការណ៍​គ្រឿងញៀន​ទាំង​ក្នុង​ក្របខ័ណ្ឌ អនុតំបន់ តំបន់ ពិភពលោក និង​នៅ​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​សមត្ថកិច្ច​ក្រោម​ការគាំទ្រ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣ រយ​:​ពេល​១១​ខែ​ចុង​ក្រោយ​នេះ​ដោយបាន​ធ្វើការ​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ជាច្រើន​ករណី ដកហូត​បាន​នូវ​វត្ថុតាង​និង​មធ្យោបាយ​បម្រើ​ដល់​សកម្មភាព​ជួញដូរ​បាន​យ៉ាងច្រើន​ផងដែរ​។​

​ទន្ទឹមនឹងនេះ​សំដៅ​ធានា​ប្រសិទ្ធភាព​លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍កែ គឹមយ៉ាន បានស្នើ​សុំ​ការជួយ​ពី​ភាគី​ថៃ ដូចខាងក្រោម :
១.​ជួយ​ពង្រឹង​យន្ត​ការត្រួតពិនិត្យ​គ្រឿងញៀន ពង្រឹង​សមត្ថភាព​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន BLO និង​ការអនុវត្ត​ផែនការ​ភូមិ​ស​គ្មាន​គ្រឿងញៀន​សំដៅ​ទប់ស្កាត់​ការ​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ចំពោះ​ការអនុវត្ត​ផែនការ​ភូមិ​ស​គ្មាន​គ្រឿងញៀន​កម្ពុជា​នឹង​ធ្វើជា​សិក្ខាសាលា​ដក​បទពិសោធ​ន៍​នៅ​ខេត្តស្ទឹងត្រែង​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ។​
២.​បន្ត​ចូលរួម​អនុវត្ត​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ​
៣.​បន្ត​ជួយ​លើ​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្មគ្រ័ចិត្ត​និង​ផ្អែក​លើ​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ ។​
៤.​បន្ត​ជួយ​ពង្រឹងសមត្ថភាព​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ និង​ផ្តល់​ឧបករណ៍​ដល់​មន្ទីរពិសោធន៍​គ្រឿងញៀន​។​
៥.​បន្ត​កម្ម​វិធី​ធ្វើ​ទស្សនកិច្ច​សិក្សា​ដក​ពិសោធន៍​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​។​
៦.​ជួយ​គាំទ្រ​និង​ការពារ​ដល់​ពលក​រ​កម្ពុជា​ដែល​បាននិង​កំពុងបំ​ពេញ​ការងារ​នៅ​ប្រទេស​ថៃ​។​

​ជាការ​កិច្ច​ឆ្លើយតប ឯកឧត្តម ផាន់​យ៉ារ៉ាក់ ភូ​ល​ថា​ប់ អគ្គរាជទូត​ថៃ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកម្រើន​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោយ​ទទួលបាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ។​ទន្ទឹមនឹងនេះ ភាគី​ថៃ​បាន​ឯកភាព​ទាំងស្រុង​លើ​សភាព​គ្រឿងញៀន​ដែល​បាន​លើកឡើង​ដោយ​ឯកឧត្តម ឧបនា​យ​រដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ទទួលយក​នូវ​រាល់​សំណូមពរ​សំ ដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​។​