ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដឹកនាំអង្គសិក្ខាសាលាស្តីពីការត្រួតពិនិត្យគ្រឿងញៀនទិសឥសាន្ត​ និងការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់​ ស​ គ្មាន​គ្រឿងញៀន​

641

ខេត្តស្ទឹងត្រែង​ :​ ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៩​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដឹកនាំអង្គសិក្ខាសាលាស្តីពីការត្រួតពិនិត្យគ្រឿងញៀនទិសឥសាន្ត​ និងការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់​ ស​ គ្មាន​គ្រឿងញៀន​ ដោយមានការអញ្ជេីញចូលរួមពីតំណាងក្រសួង​ ស្ថាប័ន​ ជាអនុប្រធាន​ សមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ជាប់ព្រំដែន​ ស្រុក​ ឃុំ​ សង្កាត់​ ភូមិអនុវត្តផែនការភូមិ-ឃុំ/សង្កាត់​ ស​ គ្មា​នគ្រឿងញៀន​ និងតំណាងភាគីមិត្ត​ ថៃ​ វៀតណាម​ ឡាវ​ ចូលរួម​ សរុបចំនួន២៥០នាក់​ ។

ឯកឧត្តម​ ម៉ុំ​ សារឿន​ អភិបាល​ ប្រធានគណកម្មាធុកាត្រួតពិនិត្យគ្រឿងញៀនខេត្ត​ស្ទឹងត្រែង​ បានមានប្រសាសន៍ថា​ សិក្ខាសាលានេះពិតជាផ្តល់នូវសារៈសំខាន់ដោយបានបង្ហាញនូវលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន​ ជាពិសេស គឺការអនុវត្តផែនការភូមិ-ឃុំ​/សង្កាត់​ សគ្មានគ្រឿងញៀន ដើម្បីបន្តពង្រឹងឲ្យកាន់តែរឹងមាំ និងសកម្មបន្ថែមទៀតក្នុងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ខេត្តនៅទិសឦសាននៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការរងនគរបាលជាតិ​ បានមានប្រសាសន៍​ថា​ ខេត្តស្ទឹងត្រែង​ ខេត្តព្រះវិហារជាខេត្ត​ដែលពួកឧក្រិដ្ឋជនគ្រឿងញៀននាំឆ្លងកាត់ញឹកញាប់ចូលមកកម្ពុជា​ នូវប្រភេទគ្រឿងញៀនមេតំហ្វេតាមីន(Ice-Wy) កេតាមីន​ ហេរ៉ូអ៊ីន​និងកញ្ឆាក្រៀម​ ដែលកម្ពុជាបានបេីកកិច្ចប្រតិបត្តិបង្រ្កាបបានជាច្រេីនករណី។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានប្រសាសន៍ដោយថ្លែងអំណរអរគុណចំពោះ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំង​អស់ នៃបណ្តាខេត្តភាគឦសាន ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការ ទប់ស្កាត់លំហូរចូលគ្រឿងញៀនខុសច្បាប់ ពីតំបន់ព្រំដែនចូល​ក្នុងប្រទេស ដែលសកម្មភាពទាំងនេះបានជួយដោះស្រាយបញ្ហាជាច្រើន គួរឱ្យកត់សំគាល់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តថា​ ប្រទេសកម្ពុជាយើងមិនមែនជា​ប្រទេសផលិតគ្រឿងញៀនទេ តែជាប្រទេស​មានការចរាចរគ្រឿងញៀនឆ្លងកាត់ពីប្រទេសនានាក្នុង​តំបន់ ចូលមកក្នុង​ប្រទេស​កម្ពុជា និងបន្តនាំចេញទៅប្រទេសទី៣ ។ តាមរបាយការណ៍​របស់​​​អាជ្ញាធរមានសមត្ថកិច្ចយើងពិនិត្យឃើញថាខេត្តភាគឦសាន ជាពិសេស​គឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ជាខេត្តដែលមានការ​ចរាចរឆ្លងកាត់​គ្រឿងញៀនពីតំបន់ព្រំដែនកម្ពុជា-ឡាវ ចូលក្នុងប្រទេស និងមួយចំនួន​បន្ត​នាំទៅដល់ប្រទេសថៃ និងប្រទេសវៀតណាម នៅសល់មួយចំនួន​ប្រើប្រាស់​ក្នុងប្រទេស តាមគោលដៅដែល​ប្រឈមមួយចំនួន ដូចជា តំបន់ទេស​ចរ​ណ៍ ក្នុងក្លឹបកំសាន្តនានា ផ្ទះសំណាក់ និងសំណង់មិនរៀបរយ ។ល។ ដែលធ្វើ​ឱ្យ​​​​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរដល់យុវជនយើង និងខាតបង់នូវធនធាន​មនុស្ស​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។