ព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអនុញ្ញាតិឲ្យគណៈប្រតិភូមក ពីការិយាល័យអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េដឹកនាំដោយលោក Sunny Anh បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សាការងារផ្តោតទៅលើការជួយពង្រឹងសមត្ថភាពមន្រ្តីត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា។
នៅក្នុងឆ្នាំនេះប្រទេសកម្ពុជាទទួលបានគម្រោងគាំទ្រពីការិយាល័យអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េ ដើម្បីធ្វេីការពង្រឹង សមត្ថភាពលេីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយការងារពិភាក្សាក៏បានផ្តោតទៅលើផ្នែកមួយចំនួនដូចជា៖
– ការពង្រឹងលើសមត្ថភាពមន្រ្តីអនុវត្តច្បាប់
– ការគាំទ្រផ្នែកសម្ភារៈ
– ការគាំទ្រលើសកម្មភាពផ្សព្វផ្សាយអប់រំដើម្បីបង្កើនចំណេះដឹងជាសាធារណៈ។
ក្នុងជំនួបនេះដែរក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងភាពរីករាយ និងស្វាគមន៍ចំពោះគម្រោងគាំទ្ររបស់ការិយាល័យអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េមកដល់ប្រទេសកម្ពុជា ជាពិសេសលើផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះដែរ ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍ចំពោះវត្តមានមន្រ្តីជំនាញរបស់ការិយាល័យអគ្គរដ្ឋអាជ្ញាកូរ៉េដែលត្រូវមកបំពេញការងារនៅកម្ពុជាដើម្បីពិនិត្យការអនុវត្តគម្រោងនេះ។