ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានចូលជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

931

រាជធានីភ្នំពេញ​:ថ្ងៃ​អង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានចូលជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ ខៀវ​ កញារិទ្ធ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន និងឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាតំណាងក្រសួង​ ស្ថាប័ន​ អង្គភាព​ ជាអនុប្រធាន​ សមាជិក​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងអ្នកពាក់ព័ន្ធសរុប​ជិត១០០រូប​ ដេីម្បីឆ្លងរបាយការណ៍ឆ្នាំ២០១៨​ពិនិត្យ​ និងពិភាក្សាលេីលទ្ធផល​ ចំណុច​ខ្លាំង​ ចំណុចខ្វះខាត​ ចំណុចសេសសល់​ ដែលត្រូវការចាំបាច់សម្រាប់ជាមូលដ្ឋានឆ្ពោះទៅសម្រេចឲ្យបានតាមផែនការ​ និងទិសដៅដែលយេីងបានដាក់ចេញសម្រាប់ឆ្នាំ២០១៩។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ កម្ពុជា​នៅតែបន្តទទួលរងឥទ្ធិពលពីការផលិត​ និងការចរាចរគ្រឿងញៀនទាំងក្នុង​ និងក្រៅតំបន់​ ។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានកោតសសេីរដល់គ្រប់ក្រសូង​ ស្ថាប័ន​ និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមតួនាទីភាកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អ​ ។ ទន្ទឹមនឹងនេះ​ សូមទាញនូវការចាប់អារម្មណ៍ដល់អង្គប្រជុំ​មានដូចជា​ :
១. ការងារផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន​បន្តវិវត្តប្រែប្រួលជាវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ ហើយសូមបន្តយកចិត្តទុកដាក់បង្កើនការទទួលខុសត្រូវ និងចាត់វិធានការឱ្យបានច្បាស់លាស់ ទាន់ពេលវេលា និងមានប្រសិទ្ធភាពលេីក្រុមគោលដៅប្រឈមព្រោះជនខិលខូច ឬពួកឧក្រិដ្ឋជនគ្រឿងញៀនងាយបោកបញ្ឆោតឱ្យប្រើប្រាស់ ឬអូសទាញឱ្យចូលរួមក្នុងសកម្មភាពរបស់ពួកគេ ដែលអាចធ្វើឱ្យបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាននៅតែកើតមានជាបន្តទៀត ។
២. ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន យើងបានធ្វើការ ពិនិត្យ និងកែសម្រួលនូវទិន្នន័យពាក់ព័ន្ធនឹងចំនួនអ្នកញៀនគ្រឿងញៀនដើម្បីឱ្យមានភាពត្រឹមត្រូវ និងឯកភាពគ្នា ធ្វើជាមូលដ្ឋានក្នុងការរៀបចំឱ្យបានសមស្របនូវរាល់សេវាពាក់ព័ន្ធ ដូចជាសេវាព្យាបាល សេវាស្តារនីតិ​សម្បទា សេវាបណ្តុះបណ្តាលបំណិនជីវិត សេវាបណ្តុះបណ្តាលវិជ្ជាជីវៈ សេវាគាំទ្រនានាសម្រាប់ដំណាក់កាលនៃការធ្វើសមាហរណកម្មទៅតាមគ្រួសារ និងសហគមន៍វិញ ។ល។ 
៣. ការងារអនុវត្តច្បាប់​ យើងទើបនឹងបានធ្វើសិក្ខាសាលានាពេលកន្លងទៅថ្មីៗនេះនៅខេត្តស្ទឹងត្រែង ដើម្បីធ្វើការស្វែងយល់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ អំពីមូលហេតុ ក៏ដូចជាកត្តារួមផ្សំផ្សេងៗ ដែលធ្វើឱ្យការចរាចរគ្រឿងញៀនខុសច្បាប់នៅតែបន្តកើតមាន ក៏ដូចជាសិក្សាស្វែងយល់អំពីអ្វីដែលយើងបានអនុវត្តនាពេលកន្លងមក ចំណុចខ្លាំង ចំណុចខ្សោយ វិធានការ ក៏ដូចជាតម្រូវការនានា ដែលអាចជួយឱ្យយើងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ បង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ ។
៤. ការងារកិច្ចសហប្រតិបត្តិការអន្តរជាតិបានដំណើរការជាប្រក្រតីមានបញ្ហាអ្វីឡើយ ដោយយើងនៅតែរក្សាបានទំនាក់ទំនងល្អជាមួយដៃគូជាអង្គការអន្តរជាតិ ភ្នាក់ងារអង្គការសហប្រជាជាតិ ក៏ដូចជាបណ្តាប្រទេសនានាទាំងនៅក្នុង​ និងក្រៅតំបន់។ 
៥. ការងារពង្រឹងយន្តការ​ ជាការងារគន្លឹះក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសម្រួលមាត្រាព្រះរាជក្រឹត្យ ដើម្បីធានាថា ក្រសួង ស្ថាប័ន និងអង្គភាពជាសមាជិក គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្តទាំងអស់ មានកញ្ចប់ថវិកាផ្ទាល់ខ្លួន ដើម្បីចាត់ចែង និងដោះស្រាយឱ្យមានប្រសិទ្ធភាពនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ។ @LTH