ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ :​ ការត្រួតពិនិត្យសារធាតុគីមីផ្សំមានប្រសិទ្ធភាព​ គឺទប់ស្កាត់បានការសំយោគកែច្នៃផលិតគ្រឿងញៀននៅក្នុងប្រទេស

458

ខេត្តព្រះសីហនុ៖​ ល្ងាចថ្ងៃទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង​ត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបការបង្វែរសារធាតុគីមីផ្សំយកទៅលួចលាក់សំយោគកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ត្រូវបានបិទបញ្ចប់ក្រោម​អធិបតី​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ​ គឹមលី​ នាយកខុទ្ទកាល័យឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គីមយ៉ាន​ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម​ គង់វីតាណ:​ អភិបាលរង​ ប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ​ ដោយមានការចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជាមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ​ រួមមានមន្រ្តីនគរបាល កងរាជអាវុធហត្ថ គយ ប្រចាំការនៅតាមបណ្តាកំពង់ផែ ច្រកព្រំដែនគោក និងវរការពារព្រំដែនទឹក​ នៃខេត្តនាទិសនិរតីចំនួន៥ មាន: ខេត្តព្រះសីហនុ កោះកុង កំពត កែប និងតាកែវ ។

ថ្លែងក្នុងនាមគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ​ ឯកឧត្តម​ គង់​ វីតាណ:​ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានបង្កេីតវគ្គបណ្តុះបណ្តាលនេះឡេីង​ និងបានថ្លែងសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្រដកស្រង់បទពិសោធន៍ពង្រឹងសមត្ថភាពសម្រាប់បំពេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាព​ ហេីយការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ គឺជាតម្រូវការចាំបាច់ ដែលទាមទារឲ្យមានការបំពាក់បំប៉ន និងបណ្តុះបណ្តាលជាប្រចាំដើម្បីវិវត្តន៍ខ្លួនឲ្យទាន់សភាពការណ៍ និងនិន្នាការប្រែប្រួលរបស់ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន។

ក្នុងឱកាសនោះ​ផងដែរ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ បានមានប្រសាសន៍ថា​ ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ​ តែជាប្រទេសទទួលរងឥទ្ធិពលនៃការចរាចរ​ ការផលិតគ្រឿងញៀនពីតំបន់ត្រីកោណមាស​ និងអឌ្ឍច័ន្ទមាសដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដេីម្បីត្រួតពិនិត្យ​ ទប់ស្កាត់​ការបង្វែរសារធាតុគីមីផ្សំខុសច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់​ ។

ជាមួយគ្នានេះ​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ឡាយ​ គឹមលី​ បានថ្លែងដោយសង្កត់ធ្ងន់ថា​ការត្រួតពិនិត្យសារធាតុគីមីផ្សំមានប្រសិទ្ធភាពគឺទប់ស្កាត់បានការផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស​ ព្រោះបើគ្មានសារធាតុគីមីផ្សំខុសច្បាប់ គឺគ្មានគ្រឿងញៀន ជាពិសេសបើយើងត្រួតពិនិត្យបានហ្មត់ចត់គឺឈ្មួញគ្រឿងញៀនគ្មានឱកាសនឹងបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់បំផ្លាញសង្គមបានឡើយ។

ទន្ទឹមនេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឡាយ​ ​គឹមលី​ បានថ្លែងនូវការកោតសសេីរដល់ជ័យលាភីដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យសូមយកចំណេះដឹងបទពិសោធន៍ដែលទទួលបាននេះទៅអនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។