ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ :ក្រសួងស្ថាប័នមានសមត្ថកិច្ចត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យរាល់ការស្នើសុំនាំចូល នាំចេញ ការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុគីមីផ្សំរបស់ក្រុមហ៊ុនសហគ្រាសឯកជនទាំងអស់

439

រាជធានីភ្នំពេញ​ :ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៩​ ក្រោយដំណេីរការអស់រយ:ពេលពីរថ្ងៃ​រួចមកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យសារធាតុគីមីផ្សំសម្រាប់មន្ត្រីអនុវត្តច្បាប់គ្រឿងញៀនកម្ពុជាត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសណ្ឋាគារកាំបូឌីយ៉ាណា​ ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ បានថ្លែងថា​ ប្រទេសកម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ តែជាប្រទេសដែលទទួលរងគ្រោះពីឥទ្ធិពលនៃការលួចលាក់ចរាចរឆ្លងកាត់​ និងកែឆ្នៃគ្រឿងញៀនខុសច្បាប់របស់ពួកឧក្រឹដ្ឋជន។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ បានពាំនាំនូវការថ្លែងអំណរគុណ​ កោតសសេីររបស់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ស្នេីសុំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេសក្រសួង-ស្ថាប័ន ដែលមានតួនាទីភារកិច្ចក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងចេញអាជ្ញាប័ណ្ណ នាំចេញនាំចូលនូវសារធាតុគីមី ឲ្យបន្តយកចិត្តទុកដាក់ត្រួតពិនិត្យរាល់ការស្នើសុំនាំចូល នាំចេញ ការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុគីមីផ្សំរបស់ក្រុមហ៊ុន សហគ្រាសឯកជនទាំងអស់ ជាពិសេសត្រូវត្រួតពិនិត្យ និងធ្វើអធិការកិច្ចលើបរិមាណប្រើប្រាស់ និងគោលដៅនៃការប្រើប្រាស់ស្របតាមគោលការណ៍ណែនាំ និងស្នើសុំដែរឬទេ។

ជាមួយគ្នានេះ ឯកឧត្តម ឡាយ​ គឹមលី​ ក៏បានស្នើសុំអោយស្ថាប័នគយដែលមានសមត្ថកិច្ចត្រួតពិនិត្យមុនគេនៅតាមច្រកទ្វារ ត្រូវផ្តោតយកចិត្តទុកដាក់លើការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធនឹងការស្នើសុំរបស់គ្រុមហ៊ុន សហគ្រាស ដែលចេញដោយក្រសួងពាក់ព័ន្ធ រួមមានក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងសុខាភិបាល ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ពិតប្រាកដ ស្របច្បាប់ ទើបអនុញ្ញាតអោយនាំចូលនូវសារធាតុគីមីទាំងអស់នោះចូលមកក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចែកជូនវិញ្ញាប័នបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ។