ឧត្តមសេនីយ៍​ឯក​ ថោង​ សុគន្ធា​ ប្រាប់អ្នកពាក់ព័ន្ធបន្តខិតខំគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំសំដៅទប់ស្កាត់ការបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់

469

រាជធានីភ្នំពេញ​៖​ ថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបេីកអង្គសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបការបង្វែរសារធាតុគីមីផ្សំយកទៅលួចលាក់សំយោគកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ក្រោម​អធិបតី​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការស្តីទី នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជេីញចូលរួមពីស្ថាប័នក្រសួងស្ថាប័នពាក់ព័ន្ធសរុបជាង២០រូប។

ឧត្តមសេនីយ៍​ត្រី​ អ៊ុយ​ រ៉ាត់​ ប្រធាននាយកដ្ឋានស្រាវជ្រាវ​ និងត្រួតពិនិត្យ​របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា​ សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
១. ពង្រឹង និងជម្រុញយន្តការក្រុមលេខានៃក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំ
២. លើកកម្ពស់ការបំពេញតួនាទីភារកិច្ចរបស់សមាជិកក្រុមលេខាដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធលើការងារគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ
៣. ពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការរវាងក្រសួងស្ថាប័នទទួលខុសត្រូវលើការងារគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ
៤. លើកកម្ពស់ការចូលរួមទប់ស្កាត់ និងបង្ក្រាបការបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់យកទៅលួចលាក់សំយោគកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។

ឧត្តមសេនីយ៍​ត្រី​ អ៊ុយ​ រ៉ាត់​ ដដែលបានបន្តថា​ ដើម្បីឆ្លើយតបទៅនឹងគោលបំណងខាងលើ សមាជិកចូលរួមទាំងអស់បន្តទទួលបានបទពិសោធន៍និងចំណេះដឹងកាន់តែប្រសេីរបន្ថែមលេីចំណេះដឹងទូទៅពាក់ព័ន្ធនឹងកិច្ចការគ្រឿងញៀន តាមរយៈការធ្វើបទបង្ហាញជូន មានជាអាទិ៍៖​ ការយល់ដឹងពីផលប៉ះពាល់​នៃគ្រឿងញៀន សារធាតុគីមីផ្សំប្រើក្នុងការផលិតគ្រឿងញៀនខុសច្បាប់​ អត្តសញ្ញាណទូទៅ​ និងការធ្វើកោសល្យវិច័្ចយគ្រឿញៀន និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងការត្រួតពិនិត្យសារធាតុគីមីផ្សំដែលបានកំណត់ក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ក្នុងឱកាសនោះ​ ថ្លែង​ក្នុងនាម​ឯក​ឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ថោង​ សុគន្ធា​ បានថ្លែងនូវការកោតសសេីរ​ និងសំណូមពរដល់តំណាងក្រសួងស្ថាប័នជាសមាជិកក្រុមលេខានៃក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំទាំងអស់ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អប្រសេីរ​ចូលរួមបង្ការទប់ស្កាត់ការយកសារធាតុគីមីទៅបង្វែរកែឆ្នៃគ្រឿងញៀនខុសច្បាប់បំផ្លាញសង្គមជាតិ​ នាពេលកន្លងមក​ សូមបន្តកិច្ចខិតខំរបស់យេីងជាបន្តទៀតសំដៅថែរក្សាសុខសុវត្ថិភាពនិងភាពសុខសាន្តជូនប្រជាពលរដ្ឋយេីង។