ខេត្តសៀមរាប:ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ ២០១៩ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃ ទី២៦ ខែមិថុនា ក្រោមប្រធានបទ “សុខភាពដើម្បី យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ត្រូវបានប្រារព្ធធ្វេីក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម លី តឹង តំណាងក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពិន ប្រាកដ អភិបាលរង និងជាប្រធានលេខាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបដោយមានការអញ្ជេីញចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព នៃគណ:កម្មាធិការត្រួតពិនិត្យខេត្ត ក្រុង ស្រុក ជុំវិញខេត្ត សៀមរាប កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សនុសិស្ស តុលាការ និងអ្នកពាក់ព័ន្ធសរុប៤៣០នាក់ ។
ឧត្តមសេនីយ៍ ត្រី អ៊ុ អមរ៉ា ស្នងការរង និងជាអនុប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានថ្លែងស្វាគមន៍ និងរបាយការណ៍ពីកិច្ចខិតប្រឹងប្រែងរួមគ្នាអនុវត្តតាមផែនការការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មេីសគ្រឿងញៀនក្នុងខេត្តសៀមរាបឆមាសទី១ ឆ្នាំ២០១៩ នេះបានធ្វើការផ្សព្វផ្សាយ និងអប់រំ ពី ខ្លឹមសារ ប្រយុទ្ធ ប្រឆាំង នឹង គ្រឿងញៀននៅតាម គ្រឹះស្ថានអប់រំ វេទិកា សា ធារ ណៈ វិទ្យុវេទិកា តុមូល និងចុះចែក-បិទ ខិត្តប័ណ្ណផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមគោលដៅទេសចរណ៍ កន្លែង កំសាន្ត សប្បាយ នានាសរុប ចំនួន ១,៥០០លើក មានអ្នកចូលរួម សរុប ៧៦,៥៦៥នាក់ (ស្រី ៤៦,៤៧៦ នាក់) និងចុះអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបើកបរយានយន្ត ចំនួន ១៦ លើក ស្មើនឹង ៣៨៩នាក់ និងមានលទ្ធ ផលវិជ្ជ មាន សរុបចំនួន ៤២ នាក់ ហើយបាន បញ្ជូន ទៅ មជ្ឈមណ្ឌល ស្តារ នីតិ សម្បទាអ្នកញៀន គ្រឿង ញៀន ខេត្ត។
ឯកឧត្តម ពិន ប្រាកដ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានមានប្រសាសន៍ ដោយកោត សរសើរ និងអរគុណ ដល់គ្រប់អង្គភាពជាសមាជិកនៃគណៈ កម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន ខេត្តព្រះសីហនុ ថ្នាក់ ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំង ប្រដាប់ អាវុធ គ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅ ខេត្តសៀមរាប ដៃគូអង្គការមិនមែន រដ្ឋាភិបាល ជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន សាសនា និង សប្បុរស ជននានា ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ច ពាក់ព័ន្ធ រៀងៗខ្លួន ប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់ កាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ របស់រាជរដ្ឋាភិបាល និងបានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីសុខមាលភាពប្រជាពលរដ្ឋ ជាមួយនឹងពាក្យស្លោក “ ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង ” ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងថាប្រទេសកម្ពុជាមានភូមិសាស្រ្តនៅជិតតំបន់ត្រីកោណមាស និងអឌ្ឍច័ន្ទមាស ធ្វេីឲ្យកម្ពុជា នៅតែប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញ សម្រាប់សង្គមមនុស្សជាតិទាំងមូល ជាមួយនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ឲ្យបានទាំងស្រុងនូវរាល់ បទល្មើស ជួញដូរ ប្រើ ប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត ទីសប្បាយដ្ឋាននានា ក្នុង ដែន សមត្ថកិច្ច របស់ខ្លួនមុនដំណាច់ឆ្នាំ២០១៩ ដោយសមត្ថកិច្ចទាំងអស់ត្រូវតែចៀសឱ្យបានដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ហេីយការអនុវត្តដាក់ទោសទណ្ឌធ្វេីទៅតាមច្បាប់ដែលមានជាធរមាន។
ក្នុងឱកាសនោះ ដែរ ក្នុងនាម សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរព្រះគុណ និង អរគុណ ព្រមទាំងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅតាមអង្គភាពពាក់ព័ន្ធអង្គការជាដៃគូជាតិ អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធ ប្រឆាំង គ្រឿងញៀន នៅខេត្តសៀមរាប ហើយប្រពៃណីដ៏ល្អថ្លៃថ្លានេះនឹងស្ថិត នៅជាបន្តទៀត ដើម្បីយើងទទួលបាន លទ្ធផលថ្មីៗបន្ថែមទៀត ។