អាជ្ញាធរជាតិ សហការគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

426

ខេត្តកំពង់ធំ : ថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ ២០១៩ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ “ សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ត្រូវបានប្រារព្ធធ្វេីនៅវិទ្យាល័យកំពង់ធំក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សុខ លូ អភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំ ដោយមានការអញ្ជេីញចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព នៃគណ:កម្មាធិការត្រួតពិនិត្យខេត្ត ក្រុង ស្រុក ជុំវិញខេត្ត កំពងធំ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សនុសិស្ស និងអ្នកពាក់ព័ន្ធសរុបជិត២០០០នាក់ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ និងអនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានមានប្រសាសន៍ស្វាគមន៍ និងបង្ហាញពីការប្តេជ្ញាចិត្តនិងខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន និងព្យាបាលអ្នកញៀនគ្រឿងញៀន។

លោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ដោយសូមកោត សរសើរ ដោយស្មោះ ចំពោះគណៈ កម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន ខេត្តកំពង់ធំ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំង ប្រដាប់ អាវុធ គ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅ ខេត្តកំពង់ធំដៃគូអង្គការមិនមែន រដ្ឋាភិបាល ជាតិអន្តរជាតិ ក៏ដូចជាវិស័យឯកជន សាសនា និង សប្បុរស ជននានា ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀ តាមតួនាទី និងភារកិច្ចពាក់ព័ន្ធរៀងៗខ្លួន ប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល និងបានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម សុខ លូ អភិបាល និងជាប្រធានគណកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តក៌បានថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងសូមកោតសរសើរដោយស្មោះចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅតាមក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការជាដៃគូជាតិ អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្ត និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់ តែមានប្រសិទ្ធភាព ហេីយមន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន។