ខេត្តពោធិ៍សាត់ : ថ្ងៃសៅរ៍ ១១ រោច ខែ អាសាឍ ឆ្នាំ កុរ ឯ កស័ក ព . ស . ២៥៦៣ ត្រូវ នឹង ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៩ នាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានរៀបចំបិទវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តច្បាប់គ្រឿងញៀនតាមមេរៀនក្នុងប្រព័ន្ធកុំព្យូទ័រ E-learining ដល់មន្ត្រីនគរបាល និងកងរាជអាវុធហត្ថ ចំនួន ២០នាក់ ក្នុងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្តើមពី ថ្ងៃទី២៤ ដល់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងគោលបំណងផ្តល់បន្ថែមនូវចំណេះដឹង និងចែករំលែក នូវបទពិសោធន៍នានា ពាក់ព័ន្ធ នឹងល្បិចកល វិធីសាស្ត្រ ក្នុងការជួញដូរ គ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជន ព្រមទាំងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត បទល្មើស គ្រឿងញៀន សំដៅឈានទៅធ្វើការ បង្ក្រាប ទាន់ពេលវេលា និងចំគោលដៅ ដែលក្រុម ឧក្រិដ្ឋជន តែងតែ ប៉ុនប៉ង លួចលាក់ ធ្វើការផលិត ដាំ ដុះ រក្សាទុក ជួញដូរ ចែកចាយ ប្រើប្រាស់ និង ចររាចរណ៍គ្រឿងញៀនខុសច្បាប់ឆ្លងកាត់ និង ចូលមកក្នុងភូមិសាស្ត្រ ប្រទេសកម្ពុជាយើង ។
កម្មវិធី បិទ វគ្គ បណ្តុះបណ្តាលមានការអញ្ជើញចូលរួមមាន លោកឧត្តមសេនីយ៍ទោ សារុន ចាន់ ធី ស្នងការនៃស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ប៉ា សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ និង លោកស្នងការរង លោកបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ប្រធានអនុប្រធានការិយាល័យ លោក អធិការ អធិការរង ចំណុះស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ ព្រមទាំង អស់លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ ។ បន្ទាប់ពីបានស្តាប់របាយការណ៍ សង្ខេប ក្នុងវគ្គបណ្តុះបណ្តាលរបស់លោក ឧត្តមសេនីយ៍ ត្រី ប៉ា សោភ័ណ្ឌ ជូនអង្គពីធីរួចមកលោក ឧត្តមសេនីយ៍ទោ សារុន ចាន់ ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានមានមតិ សំណេះសំណាល ដល់អង្គពិធី ទាំងមូល ដោយបាន ផ្តាំផ្ញើរ ដល់ សិក្ខាកាម ទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលពេល ត្រឡប់ ទៅ អង្គភាពវិញ ត្រូវចែករំលែកនូវចំណេះដឹងដែលទទួលបាននេះដល់ មិត្តភ័ ក្ររួមការងារ ដើម្បីអោយពួកគាត់ទទួលបាននូវចំណេះដឹងទាំងនេះដែរ ។ លោក ឧត្តមសេនីយ៍ បានមានប្រសាសបន្តថា ស្នងការដ្ឋាន ខេត្ត បាន យកចិត្តទុកដាក់ ក្នុងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះបានណែនាំ ផ្សព្វផ្សាយ អំពីបញ្ហា គ្រឿងញៀនដល់ អ្នកគ្រប់គ្រង សណ្ឋាគារ ផ្ទះសំណាក់ កន្លែង ទេសចរណ៍ ទីកន្លែង កំសាន្ត សប្បាយដ្ឋាន នានា នឹង បន្ត ខិតខំ ក្នុង ការអនុវត្ត នូវ ផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៤ អោយបាន ជោគជ័យ ។ ក្នុង ឱកាសនោះដែរលោកស្នងការក៍បាន ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដែលបានយកចិត្តទុកដាក់ផ្តល់ការបណ្តុះបណ្តាល ដល់ មន្ត្រី អនុវត្តច្បាប់ខេត្តពោធិ៍សាត់នាពេលនេះ ។
បន្ទាប់ពីមានមតិ សំណេះសំណាល រួចមក លោកឧត្តមសេនីយ៍ ទោ សារុន ចាន់ ធី ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តពាធិ៍សាត់បានផ្តល់កិត្តិយស ចែកជូន នូវ វិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សា ដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ដោយជោគជ័យ ។