លោកជំទាវ ឧត្តមសេនីយ៍ ជ័យ បុប្ផា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

603

បន្ទាយមានជ័យ :​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៨ ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា ថៃ ដឹកនាំ​ដោយ​លោកជំទាវ ឧត្តមសេនីយ៍ ជ័យ បុប្ផា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោកប៉ា​ស្កន វានិច​ស៊ីរី និង​ឯកឧត្តុម អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បាន​ចុះ​ទស្សនា​មណ្ឌល​ព្យាបាល​អ្នកញៀន​ជិវិត​ថ្មី​ភ្នំ​បាក់ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ស្ថិតនៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុង​ឱកាស​នោះ លោក ភា មានិត អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត និង​ជា​តំណាង​គណ​គ្រប់គ្រង​មណ្ឌល​បាន​ប្រសាសន៍ថា មណ្ឌល​របស់​លោក​មក​ទល់​បច្ចុប្បន្ន​បាន​ព្យាបាល​និង​ស្តារនីតិសម្បទា និង​សមាហរណកម្ម​អ្នកញៀន​ដែល​បាន​ជាសះស្បើយ​បាន​ជាង​៤៧០០​នាក់​ក្នុងនោះ​ស្ត្រី​៣០១​នាក់​ហើយ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលរង​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​បន្ថែមថា មណ្ឌល​ជិវិត​ថ្មី​ភ្នំ​បាក់​បាន​ព្យាបាល​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​តាមរ​យ​:​ការ​ធ្វើ​ចលនា​លំ​ហាត់ប្រាណ អប់រំ​ចិត្តសាស្ត្រ ធ្វើ​ពលកម្ម អនាម័យ លេង​កីឡា និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: កសិកម្ម ចិញ្ចឹម​មាន់ ដាំ​បន្លែ ចឹញ្ចឹម​ត្រី កង្កែប ជ្រូក កែឆ្នៃ​ផ្លែឈើ កាត់ដេរ​ក្រណាត់​ជូត​ជើង និង​កម្រាល​ជូត​ជើង ។​

​ជាមួយគ្នានេះ លោក ប៉ា​ស្កន វានិច​ស៊ីរី បាន​ថ្លែង​នូវ​កោត​ស​សើរ​ដល់​គណ​:​គ្រប់គ្រង​មណ្ឌល​និង​ថ្នាក់ដឹកនាំ​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ខិតខំ​ធ្វើ​ការអភិវឌ្ឍ​ខ្លួន​ដើរ​ទៅមុខ​ក្នុង​ការផ្តល់សេវា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ឲ្យបាន​ជាសះស្បើយ​និង​ធ្វើ​សមាហរណកម្ម​ទៅ​រស់នៅ​សហគមន៍​មូលដ្ឋាន​វិញ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ចូលរួម​កសាង​ប្រទេសជាតិ​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ គណ​:​ប្រតិភូ​ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​ទាំង​ពីរ​កម្ពុជា ថៃ បាន​បន្តដំណើរ​ទៅ​ទស្សនា​ប្រាសាទ​បន្ទាយឆ្មារ​ស្ថិតនៅក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក មាន​ចម្ងាយ​៦០​គីឡូម៉ែត្រ​ទី​រួម​ខេត្តបន្ទាយមានជ័យ​ដែល​ជា​កេរដំណែល​ដូនតា​បន្សល់​ទុក​ជូន​កូន​ខ្មែរ​គ្រប់​ជំនាន់​គោរពបូជា​តទៅ ។​

​សូមបញ្ជាក់​ថា​ប្រសាទ​បន្ទាយឆ្មារ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ជួសជុល​ឡើងវិញ​ពី​សំណាក់​ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ ។​