យន្តការមជ្ឈមណ្ឌលសម្របសម្រួល ក្រោមគម្រោងសុវត្ថិភាពទន្លេមេគង្គ (SMCC) គឺជាយន្តការអនុវត្តច្បាប់ជួរមុខ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលមានប្រភព មកពីតំបន់ត្រីកោណមាស។

417

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា យន្តការមជ្ឈមណ្ឌលសម្របសម្រួល ក្រោមគម្រោងសុវត្ថិភាពទន្លេមេគង្គ (SMCC) គឺជាយន្តការអនុវត្តច្បាប់ជួរមុខ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលមានប្រភព មកពីតំបន់ត្រីកោណមាស។

ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍បានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញ ជាអធិបតីភាពបិទមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (SMCC) បន្ទាប់ពីបានដំណើរការអស់រយៈពេល៣ខែ (គិតចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩) ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណៈប្រតិភូស្ថាប័នត្រួតពិនិត្យគ្រឿងញៀន នៃប្រទេសសមាជិក គម្រោងសម្របសម្រួលសុវត្ថិភាពទន្លេគង្គទាំង០៦ (ចិន ភូមា ឡាវ ថៃ វៀតណាម និងកម្ពុជា)។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យន្តការមជ្ឈមណ្ឌលសម្របសម្រួលក្រោមគំរោងសុវត្តិភាពទន្លេមេគង្គ (SMCC) ដែលមានសមាជិកចំនួន៦ ប្រទេសនាពេលនេះ គឺជាយន្តការ អនុវត្តច្បាប់ជួរមុខ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលមានប្រភព មកពីតំបន់ត្រីកោណមាស»។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ បានបន្តថា យន្តការ SMCC នាពេលនេះ បានក្លាយទៅជាវេទិការអនុវត្ត ច្បាប់ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការរួមសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ក៏ដូចជាអង្គការចាត់តាំងឧក្រិដ្ឋកម្ម ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងតំបន់របស់យើង។ SMCC បានចែករម្លែកនូវបទពិសោធន៍ ព័ត៌មាន និងមុខសញ្ញាជួញដូរគ្រឿងញៀន រួមទាំងអង្គការចាត់តាំង នៃក្រុមឧក្រិដ្ឋជនឱ្យគ្នាទៅវិញទៅមក ដើម្បីបង្ក្រាបទាន់ពេលវេលា។

នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា រយៈពេល៣ខែដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ យើងបានសហប្រតិបត្តិការ គ្នាយ៉ាងជិតស្និទ ក្នុងការកំណត់អត្តសញ្ញាណជនល្មើស ចែករម្លែកព័ត៌មានស្តីពីការវេចខ្ចប់ ការលាក់គ្រឿងញៀន រួមទាំងនិន្នាការគំរាមកំហែងថ្មីៗ នៃគ្រឿងញៀន ដូចដែលមានក្នុង របាយការណ៍ដែលបានរាយការណ៍ជូននៅក្នុងកិច្ចប្រជុំមុននេះបន្តិច។