ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ៖ ពិធីបិទគម្រោងពង្រឹងសមត្ថភាពការត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជាឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោក SHIN Junho ប្រធាននាយកដ្ឋានបទល្មើសគ្រឿងញៀន និងបទល្មើសមានការចាត់តាំង ប្រចាំការិយាល័យអគ្គរដ្ឋអាជ្ញា នៃសាធារណរដ្ឋកូរ៉េ។
គម្រោងដែលមានឈ្មោះថា ការពង្រឹងសមត្ថភាពត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា ODA (Oversea Development Assistant) រយៈពេល ១ឆ្នាំ២០១៩ ឆ្នាំនេះ បានសម្រេចផ្តល់ជូនអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. គឺជាការឆ្លើយតបទៅតាមសំណូមពររបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងជួបកង្វៈខាតផ្នែកធនធាន លើសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយការអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤។
សូមបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១, លើកទី២ និងលើកទី៣ កន្លងមកសមត្ថកិច្ចរបស់កម្ពុជាបានសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន ក្នុងការអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រពហុវិស័យ សំដៅកាត់បន្ថយតម្រូវនិងបង្រួមទីផ្សារគ្រឿងញៀននៅកម្ពុជា តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពអនុវត្តច្បាប់, ការលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ និង ការព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ សកម្មភាពក្នុងគម្រោងចែកចេញជា ២ផ្នែកគឺ៖
១. ការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជូនដល់មន្រ្តីអនុវត្តច្បាប់។
២. ការផ្តល់ជាសម្ភារៈឧបករណ៍ដល់មន្រ្តីអនុវត្តច្បាប់។