នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការអាគារអប់រំបច្ចេកទេស ០១ខ្នងតំលៃ១៥ម៉ឺនដុល្លានៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

430

បន្ទាយមានជ័យ ៖ ថ្ងៃច័ន្ទខែអាសាឍ១៣រោច ឆ្នាំកុរ ឯក ស័ក ពស.២៥៦៣ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ តំណាងរាស្រ្ត អមដំណេីរដោយឯកឧត្តម លោកជំទាវ ជាក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានបាន អញ្ជេីញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការអគារអប់រំបច្ចេកទេស០១ខ្នង ដែលមានតំលៃ១៥ម៉ឺនដុល្លាដែលជាអំណោយរបស់អង្គការស៊ីភីស៊ី និងបានសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធចំនួនជិត២០០០នាក់ នៅវិទ្យាល័យ ម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក ម៉ាថាយ ហ្កេបភឹត នាយកអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ី អាគ្នេយ៍ អន្តរជាតិ (ស៊ីភីស៊ី)បានមានប្រសាសន៍ដោយសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានចូលរូមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលេីកការងារបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្សហេីយអគារនេះជាអគារទី៥ក្នុងចំណោមអគារទាំង៩ដែលទទួលបានការឯកភាពរួមជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ។

ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពី សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ពិសេសបងប្អូនអ្នកម៉ាឡៃទាំងអស់។

ក្នុងឱកាសនោះ ដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ខិតខំធ្វេីការកសាងប្រទេសកម្ពុជាពីបាត់ដៃទទេគំនរផេះផង់សមុទ្រឈាមទឹកភ្នែក មករីកចម្រេីនលេីគ្រប់វិស័យ ប្រែក្លាយស្រុកម៉ាឡៃដែលពីមុនជាសមរភូមិវាយប្រយុទ្ធ គ្នា ជាតំបន់អសន្តិសុខ ពោរពេញ ដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្លាយជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធសមស្របសម្រាប់ការរស់នៅប្រកបរបរចញ្ចឹមជិវិតរបស់ប្រជាលរដ្ឋ។

ជាថ្មីម្តងទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថ្លែងការកោតសសេីរដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់កងកំលាំងគ្រប់ប្រភេទ អង្គការស៊ីភីស៊ី ប្រជាពលរដ្ឋអ្នកម៉ាឡៃនៃមហាគ្រួសារអ្នកបន្ទាយមានជ័យដែលបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងធំធេងពង្រឹងបាននូវខឿនការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្ដាប់ ធ្នាប់សង្គមទប់ស្កាត់បានពីការប៉ុនប៉ងបំផ្លាញជាតិពីមជ្ឈដ្ឋានអគតិ ជម្រុញបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លេីកកម្ពស់ជីវភាព រស់នៅ និងសុខមាលភាពប្រជាពលរដ្ឋក្រោមការម្លប់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ។

ជាទ្រនាប់ដៃ ក្នុងឱកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយ ផ្តល់ចែកជូន រួមមាន :
១.លោកគ្រូអ្នកគ្រូ ៣៣នាក់ ម្នាក់ៗទទួលបាន សារ៉ុង ១ ថវិកា និង២ម៉ឺន រៀល
២.សិស្សានុសិស្ស ៥០០នាក់ ម្នាក់ទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា ៥ពាន់រៀល
៣.ប្រជាពលរដ្ឋ ១០០០នាក់ ម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ១ម៉ឺន រៀល
៤.វិទ្យាល័យ ម៉ាឡៃ ថវិកា១លានរៀល

នៅថ្ងៃដដែលនោះ ក្រោយពិធីសម្ពោធអគារអប់រំបច្ចេកទេសរួច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដឹកនាំក្រុមការងារចុះពិនិត្យមើលការងារស្ដារបឹងកណ្តុរដែលមានទំហំដី២០ហិកតា ដើម្បីរក្សាទុកទឹកសម្រាប់ប្រើប្រាស់ ដែលបឹងនេះស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។