នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ស្នេីសុំប្រទេសហត្ថលេខីមហាអនុតំបន់ទន្លេមេគង្គទាំងអស់បន្តអនុវត្តផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១

546

នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះ​ នៅក្នុងពិធីបេីកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ​ មន្រ្តី​សម្របសម្រួល​ប្រទេសហត្ថលេខីអនុស្សារណ:នៃការយោគយល់គ្នា(MOU)ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ​ ដែលមានប្រទេសកម្ពុជា​ ចិន​ ភូមា​ ឡាវ​ ថៃ​ វៀតណាម​ និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម​UNODC​ នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២០នេះ​ ។ ក្នុងឱកាសនោះ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានមានប្រសាសន៍ថ្លែងថាដោយសារបញ្ហាCovid-19 យេីងពុំទាន់អនុវត្តន៍បាននូវផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១​ ក្រោមការជួយឧបត្ថម្ភរបស់អង្គការUNODC​ ឡេីយ​ និងសុំស្នេីអង្គប្រជុំរបស់យេីងជជែកពិភាក្សាគ្នារកឲ្យឃេីញនូវដំណោះស្រាយសមស្របណាមួយដេីម្បីអនុវត្តន៍ផែនការសកម្មភាពអនុតំបន់នេះ​ ឈានទៅឆ្លេីយតបឲ្យបានទៅនឹងការគំរាមកំហែងដោយគ្រឿងញៀនបច្ចុប្បន្ននេះ។ ក្នុងឱកាសនោះ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានថ្លែងបន្តថា​ ស្របពេល​ដែលយេីងមានបញ្ហាជំងឺCovid-19 កិច្ចសហប្រតិបត្តិការគ្នាទាំងក្នុងតំបន់​ និងលេីសកលលោកមានការធ្លាក់ចុះ​បានធ្វេីឲ្យ​ក្រុមឧក្រិដ្ឋជនអន្តរជាតិដែលមានអង្គការចាត់តាំងបានបង្កេីនការឃុបឃិយជាមួយពួកឧក្រិដ្ឋគ្រឿងញៀនក្នុងស្រុកធ្វេីសកម្មភាពល្មេីសច្បាប់កាន់តែសកម្ម​ និងខ្លាំងក្លាជាងមុន​ ដែលបាននឹងកំពុងក្លាយជាឧបសគ្គរារាំងក្នុងការអនុវត្តផែនការអនុតំបន់ដែលរៀបចំដោយអង្គការUNODC ។ ជាមួយគ្នានេះ​ កម្ពុជា​បានចូលរួមសកម្មភាពជាមួយតំបន់​ និងសាកលលោក​ ខិតខំប្រឹងប្រែង​បង្ការ​ទប់ស្កាត់​ដោយយកចិត្តទុកដាក់​ និងទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្រ្តពហុវិស័យស្តីពីការងារត្រួតពិនិត្យគ្រឿងញៀន​ និងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស​ ក្នុងឆ្នាំ២០១៩​ បង្រ្កាបបានបទល្មេីសគ្រឿងញៀនចំនួន៩៨០៦ករណី​ ឃាត់ខ្លួនជនសង្ស័យបាន២០.៤៩០នាក់​ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន៧៥០គីឡូក្រាម។