នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ : កម្ពុជា-ចិន​ បានឯកភាពគ្នានឹងពង្រឹង​ ពង្រីកនូវកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ​

460

ប្រទេសចិន៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តបការអញ្ជើញរបស់គណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន នៅខេត្តឆាងសា ខេត្តហួណាន​ ប្រទេសចិន​ ដោយមានការអញ្ជេីញចូលរួមភាគីមានតំណាងពីក្រសួង​ ស្ថាប័នពាក់ព័ន្ធ​មានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងភាគីចិនមាការចូលរួមពីលោក លាង យុន អគ្គលេខាធិការរង នៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណចិន តំណាងមូលនិធិត្រួតពិនិត្យគ្រឿងញៀនចិន នៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន តំណាងខេត្តហ៊ូណាន តំណាងខេត្តយូណាន

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានឲ្យដឹងពីកិច្ចប្រជុំនេះថា:​ កិច្ចប្រជុំនេះគីជាកិច្ចប្រជុំផ្លាស់វេនគ្នាប្រចាំឆ្នាំដោយផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
ការចែករំលែកពត័មានស្តីពីគ្រឿងញៀនទៅវិញទៅមករវាងប្រទេសទាំង២ :
១.កិច្ចសហប្រតិបត្តិការក្នុងការងារអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការក្នុងវិស័យកាត់បន្ថយតម្រូវការ និងការគាំទ្រការបណ្តុះបណ្តាល និងសម្ភារ។

ពីកិច្ចប្រជុំ​នេះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ភាគីចិនដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទីក្រុងប៉េកាំង និងខេត្តយូណាន នាសប្តាហ៍កន្លងមក និងបានថ្លែងអំណរគុណផងដែរចំពោះកិច្ចសហប្រតិបត្តិការរបស់ភាគីចិនទាំងនាពេលកន្លងមក ក៏ដូចជាពេលអនាគត។

ពីកិច្ចប្រជុំ​នេះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានជម្រាបជូនពីលទ្ធផល​ប្រជុំថា​ ភាគីទាំងពីរកម្ពុជា.ចិន​ បានឯកភាពគ្នានឹងពង្រឹង​ ពង្រីកនូវកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ​ ។

ជាមួយគ្នានេះ​ លោក យ៉ាង​ហ្វេនរី​ Yang Fengrui ប្រធានមូលនិធិត្រួតពិនិត្យគ្រឿងញៀនចិន នៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន បានផ្តល់តេស្តបឋមស្វែងរកសារធាតុញៀនដែលមានតម្លៃ ៥០០,០០០យ័ន​ដល់កម្ពុជា។

សូមបញ្ជាក់ថា​ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃប្រជុំទ្វេភាគីកម្ពុជា.ចិន ថ្នាក់មន្ត្រីជាន់ខ្ពស់ លើកទី៩​ ឆ្នាំ២០២០​នៅប្រទេសកម្ពុជា​ ។