បន្ទាយមានជ័យ :ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អ្នកតំណាងរាស្រ្ត និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណេីរដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំហែរអង្គកឋិនទានទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំវស្សារអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តចមសុទ្ធាវាស (វត្តស្វាយចាស់)ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ពិសេសបងប្អូនប្រជាពលរដ្ឋនៃមហាគ្រួសារអ្នកបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍បន្តថា ផ្លែផ្កានៃសន្តិភាពក្រោមការដឹកនាំដោយសម្តេចតេជោហ៊ុន សែន បានធ្វេីឲ្យប្រទេសជាតិមានការរីកចម្រេីន ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ផ្លូវគមនាគមន៍កាន់សម្បូរផ្សារតភ្ជាប់ពីទីក្រុងទៅទីជនបទពាសពេញប្រទេស បានផ្តល់ឱកាសពេញលេញដល់ប្រជាពលរដ្ឋយេីងបានជួបជុំគ្នាធ្វេីបុណ្យទានតាមពុទ្ធានុញ្ញាត។
ជាមួយគ្នានេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងនូវអំណរគុណដល់ប្រជាពលរដ្ឋមហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ដែលរួមគ្នាថែរក្សាបាននូវសុខសន្តិភាពជាមួយសម្តេចតេជោនិងសូមបន្តថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាពដែលជាអាយុជិវិតរបស់ជាតិ និងជាអនាគតរបស់យេីងទាំងអស់គ្នាដោយមិនទៅចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់នាំឲ្យប៉ះពាល់ដល់សន្តិភាព មានទុកទោសដល់ខ្លួនឯង ក្រុមគ្រួសារ និងបំផ្លាញជាតិ ។
ក្នុងនាមជាពុទ្ធសានិកឧបត្ថម្ភ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ បានវេរប្រគេននូវបច្ច័យដែលកេីតចេញពីអង្គកឋិនទានចំនួន៤០០.០០០.០០០រៀលដល់វត្តចំនួន៧ ដូចខាងក្រោម :
១-វត្តប្រាសាទរលំជ្រៃ ១០.០០០.០០០រៀល
២.វត្តគីរីធម្មបទខ្លាកូនថ្មី ១០.០០០.០០០រៀល
៣.វត្តនិម្មិត្តសុទ្ធារាមកូនដំរី ១០.០០០.០០០រៀល
៤.វត្តពោធិវ័នថ្មសិន ១០.០០០.០០០រៀល
៥.វត្តគង្គារាមអញ្ចញ ១០.០០០.០០០រៀល
៦.វត្តគីរីរុក្ខរាមឆ្លក ១០.០០០.០០០រៀល
៧.វត្តចមសុទ្ធាវាស(ហៅវត្តស្វាយចាស់) ៣៤០.០០០.០០០រៀល
៨.ប្រគេនព្រះសង្ឃ៧៦អង្គ ១អង្គៗបច្ច័យ២មុឺនរៀល
៩.ប្រគេនបច្ច័យព្រះសង្ឃគ្រូសូត្រឆ្វេងស្ដាំ ២អង្គ ១អង្គៗ បច្ច័យ១០ម៉ឺនរៀល
១០.ប្រគេនបច្ច័យព្រះសង្ឃក្រាសគ្រង ១អង្គៗ បច្ច័យ២០មុឺនរៀល ៕