រាជធានីភ្នំពេញ:ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជាអធិបតីក្នុងខួបលេីកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី អភិបាលខេត្ត និងឯកឧត្តម លោកជំទាវ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ មកពីក្រសួងស្ថាប័ន អង្គភាព និងសមាជិកអតីតយុទ្ធជនចូលរួមជាង៣០០០នាក់ នៅសាលមហោស្រពកោះពេជ្រ។
ក្នុងមតិរបស់ឯកឧត្តម គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សុទ្ធតែបានលេីកឡេីងពីការតស៊ូរបស់អតីតយុទ្ធជនក៏ដូចជាការរីកចម្រើនរបស់សមាគមអតីតយុទ្ធជនកម្ពុជា ។
ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលំអោនកាយគោរព និងឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបងប្អូនវិរយុទ្ធជន វិរយុទ្ធនារីកម្ពុជាទាំងអស់ដែលបានធ្វេីពលិកម្មដ៏ធំធេងដេីម្បីបុព្វហេតុការពារជាតិមាតុភូមិ ចងចាំជានិច្ចនូវគុណូបការ:ដ៏ឧត្តុងឧត្តមរបស់វិរកម្មាភិបាល វិរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិដេីម្បីរំដោះជាតិមាតុភូមិ ដេីម្បីរំដោះជាតិមាតុភូមិពីកណ្តាប់ដៃរបបប៉ុលពត និងបានជួយសង្រ្គោះជិវិតបងប្អនប្រជាជន សង្គមជាតិឲ្យរស់ឡេីងវិញ រួមដំណេីររួបរួមផ្សះផ្សាជាតិធ្វេីឲ្យយេីងមានសន្តិភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក្នុងសម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សូមបន្តជួយឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ:ដល់សមាគមអតីតយុទ្ធជនកម្ពុជាយេីង ដេីម្បីកសាងលំនៅដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធចាំបាច់មួយចំនួនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកជួយពួកគាត់ឲ្យមានសមត្ថភាព លទ្ធភាព សមាហរណកម្ម ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិយេីងនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនកម្ពុជាគ្រប់រូបត្រូវចេះរួបរួមសាមគ្គី ចេះស្រលាញ់រាប់អានគ្នាទៅវិញទៅមកដូចបងប្អូនក្នុងមហាគ្រួសារតែមួយ ហេីយយកស្មារតីទិវានេះនឹងនៅជាអមត:ដោយរួមគ្នាធានាការពារឲ្យបានសុខសន្តិភាព ស្ថិរភាពនយោបាយមួយរឹងមាំរក្សាបានគង់វង្សនូវស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទោះត្រូវបង់ក្នុងតម្លៃណាកដោយ។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំយកអំណោយជាថវិការបស់សម្តេចតេជោ ឧបត្ថម្ភដល់:
១.សមាជិកអតីតយុទ្ធជនចំនួន២៥០០នាក់ម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល ២.កងកិត្តិយស ត្រែទ័ព ថវិកា ២លានរៀល និងឧបត្ថម្ភគណកម្មការរៀបចំទិវា ថវិកា១០លានរៀល។
ក្នុងទិវាដ៏មហោឡារឹកនោះ តបតាមការអំពាវនាវរបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទទួលបានការចូលរួមជាថវិកាពីសប្បុរសជនបានប្រមាណជាង៧០ម៉ឺនដុល្លារ និងសូមបន្តចូលរួមបន្ថែមទៀត។