នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ៖​ ក្រុមប្រឹក្សា​អាណត្តិទី៣​ ត្រូវតែខិតខំបម្រេីផលប្រយោជន៍​ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មេីភាព​ យុត្តិធម៌​ មិនប្រកាន់និន្នាការនយោបាយ។

360

បន្ទាយមានជ័យ ៖ ថ្ងៃពុធ​១០កេីតខែជេស្ឋ ឆ្នាំកុរ ឯក​ស័ក ពស.២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៩​ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​បាន​អញ្ជេីញជាអធិបតី​ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអាណត្តិទី៣​ ​ដោយមានការអញ្ជេីញចូលរួមពីក្រុមការងារថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ មន្រ្តីរាជការ​ អាជ្ញាធរមូលដ្ឋាន​ យុវជន​ និងកងកំលាំងគ្រប់ប្រភេទជាង១០០០នាក់​នៅសាលាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ ថ្លែងក្នុងនាម​រាជរដ្ឋាភិបាលកម្ពុជា​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអបអរសាទរ​ កោតសសេីរ​ និងវាយតម្លៃខ្ពស់​ ចំពោះសមាជិក​ សមាជិកាក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យដែលត្រូវបានតំណាងប្រជាពលរដ្ឋគឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត​ ដេីម្បីបន្តដឹកនាំខេត្តបន្ទាយមានជ័យឲ្យបន្តរីកចម្រេីនលេីគ្រប់វិស័យបន្ថែមទៀត​ ដោយត្រូវតែខិតខំបម្រេីផលប្រយោជន៍​ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មេីភាព​ យុត្តិធម៌​ មិនប្រកាន់និន្នាការនយោបាយ។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តថា​ ការពង្រឹងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា​ គណ:អភិបាល​ មន្រ្តីរាជការ​ និងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈេីលេីមូលដ្ឋានលេីកកម្ពស់ប្រសិទ្ធភាពការងារ​ ការគោរពច្បាប់​ គោលការណ៍នានារបស់រដ្ឋ​ និងពង្រឹងរបៀបរបបធ្វេីការដេីម្បីលេីកកម្ពស់ការទទួលខុសត្រូវ​ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី​ ភារកិច្ច​របស់ខ្លួន​ សំដៅអភិវឌ្ឍមូលដ្ឋាន​ និងឆ្លេីបតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ​ គឺធ្វេីឲ្យយេីងសម្រេចគោលដៅ​មូលដ្ឋានមានការអភិវឌ្ឍ​ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រសេីរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០​ ។

សូមបញ្ជាក់ថាក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​ អាណត្តិទី៣​ មានចំនួន២៥រូប​ ដែលមានឯកឧត្តម​ខេង​ ស៊ុម​ ជាប្រធានក្រុមប្រឹក្សាខេត្ត។