ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅខេត្តតាកែវ

604

តាកែវ : ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ ” ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន ” ត្រូវបាន​ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ លោកជំទាវ​ឈឹម សិទ្ធិ​បុណ្យ​រិទ្ធ អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រួត​ពិនិត្រ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក កងកំលាំង​បី​ប្រភេទ យុវជន​កាយ​រិទ្ធ កាកបាទ​ក្រហម លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និស្សិត និង​អ្នកពាក់ព័ន្ធ ចំនួន​៤១៤​នាក់​។​

​កម្ម​វិធី​នេះ​មាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១៥​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាល​មហោស្រព​ខេត្តតាកែវ​។​

​ឯកឧត្តម អ៊ុន វណ្ណា អភិបាលរង​ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ថ្លែង​ស្វាគមន៍ និង​របាយការណ៍​ពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដែល​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាន​ខិតខំ​រួមគ្នា​អនុវត្ត​ការងារ​យ៉ាង​សកម្ម​និង​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងដែន ។​

​លោកជំទាវ ឈឹម សិទ្ធិ​បុណ្យ​រិទ្ធ​អគ្គលេខាធិការរង​នៃអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អាន​នូវ​សារ​របស់​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​ជាថ្មី​ម្តងទៀត ចំពោះ​សម្តេចព្រះ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់ ថ្នាក់​នៃ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា កាកបាទក្រហមកម្ពុជា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដៃគូ​ជាតិ​-​អន្តរជាតិ វិស័យ​សាសនា វិស័យ​ឯកជន សប្បុរសជន សិល្បករ សិល្បការ​នី ពិធីករ ពិធីការ​នី ម្ចាស់ជំនួយ និង​បណ្តា​ប្រទេស​ជា​មិត្ត ទាំងអស់ ដែល បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម និង​គាំទ្រ​យ៉ាងសកម្ម លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ពេលកន្លងមក និង​សូមឱ្យ​ប្រពៃណី​នៃ​ការចូលរួម​បន្ត​ស្ថិតនៅ និង​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ជា​ឧត្តម​ប្រយោជន៍​រួម គឺ​ការ លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការពារ​ថែរក្សា​បាន​នូវ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ទៅ​មុខ​កាន់តែ​ឆាប់រហ័ស​។​

​ចំណាប់អារម្មណ៍​របស់​តំណាង​អង្គពិធី​បានធ្វើ​ការចាប់អារម្មណ៍​និង​ប្តេជ្ញាចិត្ត​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​រួម​របស់​យើង​ទាំងអស់​ដូចនេះ​យើង​ត្រូវតែ​រួមគ្នា​ដោះស្រាយ ដើម្បី​សហគមន៍​មូលដ្ឋាន​យើង​គ្មាន​គ្រឿងញៀន ។​

​ឯកឧត្តម អ៊ូច ភា អភិបាល​ប្រធាន​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តតាកែវ បាន​មានប្រសាសន៍ថា ដោយ​ថ្លែង​នូវ​ការកើត​សរសើរ​ដោយ​ស្មោះ​ចំពោះ​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រីរាជការ​គ្រប់លំដាប់ ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅ​គ្រប់​ស្ថាប័ន អង្គភាព​របស់​ខេត្ត​ទាំងអស់ ក៏ដូចជា​បណ្តា​អង្គការ​ដៃគូ វិស័យ​សាសនា វិស័យ​ឯកជន និង​សប្បុរសជន​នានា ដែល​បាន​ចូលរួម និង​គាំទ្រ​យ៉ាង​សកម្ម​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការបង្ការ និង​ទប់ស្កាត់​រាល់​បញ្ហា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន ពិសេស​ក្នុង​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទាំង ៣ ដំណាក់កាល​របស់​រាជ​រដ្ឋាភិបាល​ដែល​បាននិងកំពុង​អនុវត្ត​ស្រប​ពាក្យស្លោក “ ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន ” ដ៏​មានតម្លៃ និង​មាន​សារៈសំខាន់​។​