តំណាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ចូល​ជា​អធិបតី​បើក​បវេសនកាល​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​

658

​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន​សុវណ្ណ អនុប្រធាន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​អញ្ជើញ​ចូល​ជា​អធិបតី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី មាតា​បី​តា​សិស្ស លោកគ្រូ អ្នកគ្រូ គណ​គ្រប់គ្រង​សាលា សិស្សនុសិស្ស សរុប​៥០០​នាក់ ។​

​លោក នាក់ សុ​ទ្ធា នាយក​តំណាង​គណ​គ្រប់គ្រង​សាលា បាន​ថ្លែង​ស្វាគមន៍ អរគុណ​ដល់​គណអធិបតី ភ្ញៀវកិត្តិយស និង​របាយការណ៍​ពី​វឌ្ឍនភាព​ការរីកចម្រើន​របស់​សាលា​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ កីឡា និង​បរិស្ថាន​ស្អាត សំដៅ​បម្រើ​ដល់​ការរីកចម្រើន​ផ្នែក​បញ្ញា សុខភាព ដល់​សិស្សានុសិស្ស​។​

​លោក ប៉ាង លីដា តំណាង​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខណ្ឌទួលគោក បាន​អាន​នូវ​សារ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​សប្បុរស​ជន​នានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិត​សាសនា ដែល​បាន​នឹង​កំពុង​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​សកម្ម​ដល់​ការងារ​អប់រំ និង​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស យុវជន យុវនារី​ទាំងអស់​ត្រូវខិតខំ​រៀន​សូត្រ​ឲ្យបាន​ខ្ជាប់ខ្ជួន​ព្រមទាំង​ចូលរួម​គ្រប់​សកម្មភាព​សង្គម​នានា​ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍន៍​សាលារៀន​និង​សង្គមជាតិ​របស់​យើង​ហើយ​ត្រូវ​ចងចាំ​ថាបើ​ស្រឡាញ់​ខ្លួន​យើង ឪពុកម្តាយ ស្រឡាញ់​អនាគត​រុងរឿង​ក្មួយៗ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន អំពើ​អបាយមុខ​ផ្សេងៗ​និង​អំពើ​អសកម្ម​នានា​។​

​ក្នុង​ឱកាស​នោះ ក្នុងនាម​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​ថ្លែង​ការ​កោត​ស​សើរ​ដល់​ការរីកចម្រើន​របស់​សាលា​សំដៅ​ប្រសិទ្ធភាព​គុណភាព​សិក្សា​របស់​សិស្ស​និង​បាន​សំដែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ​ក្រៃលែង​ជាមួយនឹង​ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ​អ្នកគ្រូ និង​ក្មួយៗ​ជា​សិស្សានុសិស្ស​ទាំងអស់ ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៨ – ២០១៩ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​ថ្លែង​បន្ថែមទៀតថា ការចូលរួម និង​គាំទ្រ​ទាំងអស់គ្នា ពី​ក្មួយៗ​គឺជា​កម្លាំង​ដ៏​មាន​សក្តានុពល​បំផុត​ក្នុង​ការបង្ការ និង​ទប់ស្កាត់​បញ្ហា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។ ការប្រើប្រាស់ ឬ​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព ជីវភាព និង​សុវត្ថិភាព​របស់​បុគ្គល​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ប៉ះពាល់​ផងដែរ ដល់​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​ផងដែរ ។ ទន្ទឹម​នោះ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញឿន​របស់​យើងក៏​មិន​លើកលែង​ដែរ​ដល់​ជន​ទាំងឡាយណា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន គឺ​ត្រូវ​ផ្តន្ទាទោស​ទាំងអស់ ហើយ​ក្នុងករណី​ធ្ងន់ធ្ងរ គឺ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត និង​អាច​រឹបអូស​រាល់​ទ្រព្យសម្បត្តិ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ផងដែរ ។ ហេតុនេះ សូម​ក្មួយៗ ស្វែងយល់​ឱ្យបាន​ច្បាស់ និង​សូមឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ កុំ​ឱ្យ​វា​ចូលមកក្នុង​ជិវិត និង​បំផ្លាញ​អនាគត​ដ៏​ស្រស់ថ្លា​របស់​ក្មួយៗ ។​

​ក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​នាំយក​អំណោយ​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ ឧបត្ថម្ភ​ជូន :

១.​ឧបត្ថម្ភ​គ្រូ​ចូលនិវត្តន៍ ៤៤​នាក់ ក្នុង ១​នាក់ ទទួលបាន សារុង​១ និង​ថវិកា​៥​ម៉ឺន​រៀល
២.​សិស្ស​និទ្ទេស A ១​នាក់ ទទួលបាន ៥០​ម៉ឺន​រៀល​
៣.​យុវជន​កាយ​រិទ្ធ​១​លាន​រៀល​
៤.​យុវជន​កាកបាទក្រហម ថវិកា​១​លាន​រៀល​
៥.​វិទ្យាល័យ​ឥន្ទ្រ​ទេវី ថវិកា​២​លាន​រៀល​
៦.​សិស្ស​ពូកែ​ចំនួន​១៨៦​នាក់ ក្នុង​១​នាក់ ទទួលបាន​សៀវភៅសរសេរ ៥​ក្បាល និង​ប៊ិច​២​ដើម និង​ថវិកា ២​ម៉ឺន​រៀល​
៧.​សិស្ស​ជួប​ការលំបាក​ផ្នែក​ជីវភាព ចំនួន ២១​នាក់ ក្នុង​១​នាក់ ទទួលបាន​កាបួ​ប ១ និង​សម្ភារ​សិក្សារ រួមមាន​សៀវភៅ ៥​ក្បាល ប៊ិច ២​ដើម បន្ទាត់​ត្រង់ បន្ទាត់​កែង បន្ទាត់​រ៉ា​ប៉​ទ័រ បន្ទាត់​ប៉ា​រ៉ា​បូ ដែក​ឈាន​និង​ថវិកា​៥​ម៉ឺល​រៀល​
៨.​កសាង​តារាង​បាល់បោះ ថវិកា​៨​ពាន់​ដុល្លា​