សៀមរាប :ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រុមមន្ត្រីបច្ចេកទេសព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកម្ពុជា-ថៃបានជួបប្រជុំគ្នាក្នុងអង្គសិក្ខាសាលាកម្ពុជា-ថៃ ស្តីពីការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកប៉ាស្កន វ៉ានិចស៊ីរី តំណាងអគ្គនាយកដ្ឋានសុខាភិបាលថៃ ដោយមានសិក្ខាកាមចូលរួមពីតំណាងវិស័យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងមណ្ឌលព្យាបាលស្តារនីតិសម្បទារាជធានី និងខេត្ត និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ក្រសួងសុខភាពសាធារណថៃ សរុប៧០នាក់។
ក្នុងឱកាសនោះ លោក វេជ្ជបណ្ឌិត ប៉ាស្កន វ៉ានិចស៊ីរី តំណាងប្រតិភូស្ថាប័នត្រួតពិនិត្យគ្រឿងញៀនថៃ បានមានប្រសាសន៍ថា ការងារផ្តាច់ភាពញៀន គឺមិនអាចកាត់ផ្តាច់ពីការចូលរួមពីពួកយើងទាំងអស់គ្នាហើយការចូលរួមនេះគ្មានទីបញ្ចប់ឡើយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថា អ្នកប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗថយចុះស្របពេលសមត្ថកិច្ចមមាញឹកបង្ក្រាបការជួញដូរទាំងក្នុងស្រុកនិងអន្តរជាតិ ហើយជនល្មើសត្រូវបានបញ្ជូនទៅទទួលក្នុងពន្ធនាគារ ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមថា ឆមាសទី១ ២០១៨ នេះ កម្ពុជាបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកញៀនមាន១៣.៧៤៨នាក់ រួមមាន ៖អ្នកប្រើគ្រឿងញៀន៩.៧២០នាក់ ក្នុងនោះរួមមាន៖ ធ្វើសមាហរណកម្មចេញពីមណ្ឌលកំពុងរស់នៅតាមឃុំ-សង្កាត់ចំនួន៤.១៨១នាក់ កំពុងទទួលសេវាព្យាបាលតាមមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន៣.២៣១នាក់ និងអ្នកប្រើគ្រឿង ញៀនមិនទាន់ទទួលបានការព្យាបាលមានចំនួន២.៣០៨នាក់ អ្នកប្រើគ្រឿងញៀនដែលកំពុងបន្សាបព្យាបាល នៅតាមមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជនមានចំនួន៤.០២៨នាក់ ។
ទន្ទឹមនឹងនេះសមត្ថកិច្ចអនុវត្តច្បាប់ បានធ្វើការបង្ក្រាបករណីបទល្មើសប្រើប្រាស់គ្រឿងញៀនបាន ចំនួន១.១៤៤ករណីឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន២.៦២០នាក់ផងដែរ។
តាមរបាយការណ៍ លោកជំទាវ ជ័យ បុប្ផាអគ្គលេខាធិការរង បានបង្ហាញថា អ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជាគឺស្ថិតក្នុងវ័យ១៨ឆ្នាំទៅ៣៥ឆ្នាំ មានរហូតដល់៨៣ភាគរយនៃចំនួនអ្នកប្រើប្រាស់គ្រឿងញៀន។
សូមបញ្ជាក់ថា សិក្ខាសាលានេះ ប្រារព្ធធ្វើពីរថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ។