ក្រសួងការពារជាតិ រៀបចំពិធីផ្សព្វផ្សាយទប់ស្កាត់ការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់នាយទាហាន និងនិស្សិតនាយទាហ៊ានសកម្មចំនួន១២០០នាក់។

1017

កំពង់ស្ពឺ :ថ្ងៃ ទី៨ ខែមេសា ឆ្នាំ២០១៩ ក្រោមការចង្អុលបង្ហាញពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅសាលានាយទាហានសកម្ម (ត្មាតពង) បានរៀបចំពិធីផ្សព្វផ្សាយទប់ស្កាត់ការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់នាយទាហាន និងនិស្សិតនាយទាហ៊ានសកម្មចំនួន១២០០នាក់ ។

ឯកឧត្តម ឧត្តមសេនីយ៍ ឯក ប៊ុត សុភាព នាយកសាលានាយទាហាន បានមានប្រសាសន៍ស្វាគមន៍ដល់ប្រតិភូដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមកធ្វេីបទឧទ្ទេសនាមផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដេីម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវបញ្ហាគ្រឿងញៀនក្នុងសាលាក៏ដូចជានៅក្នុងជួរនាយទាហាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជាអនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចូលរួមយ៉ាងសកម្មអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍បន្តថា អស់លោក ក្មួយៗនៅទីនេះ មិនមែនជាមុខសញ្ញាជួញដូរប្រេីប្រាស់គ្រឿងញៀនទេតែអាចជាជនបង្គោលសម្រាប់គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀននៅក្នុងគ្រួសារ និងសហគមន៍ ព្រោះថាបញ្ហាគ្រឿងញៀនអាចជោគជ័យបានលុះត្រាតែមានការចូលរួមពីយេីងទាំងអស់គ្នាហេីយត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យេីងទាំងអស់គ្នាមិនមែនជាបញ្ហាផ្តាច់មុខរបស់នរណាម្នាក់ ឬក្រុមណាមួយឡេីយ។